(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មុខសញ្ញាក្រុមចោរឆក់កាបូប តាមដងផ្លូវសាធារណៈចំនួន៣នាក់ ក្នុងនោះម្នាក់មាន (ដីកាបង្គាប់ឲ្យចាប់ខ្លួន) ដាក់ពន្ធនាគារព្រៃស ដើម្បីរងចាំសវនការតាមនីតិវិធី។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅរសៀលថ្ងៃនេះ។
សូមរំលឹកថា លោកវរៈសេនីយ៉ក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ តឺយ ពៅ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧២ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ទី២៖ឈ្មោះ ហេង កុសល ហៅតឿ អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី៣៖ឈ្មោះ ទៀវ បញ្ញា ហៅបញ្ញា អាយុ២០ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះលេខ មិនចាំផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ប៊ុន សត្យា បញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនបានយកមកធ្វើការសាកសួរជនសង្ស័យ បានសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ឆក់យកកាបូបបានចំនួនតែ២លើក ដោយក្នុងនោះ បានសម្រេចមួយលើកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយឆក់កាបូបយួរដៃ ពីជនជាតិចិន នៅចំណុចមុខផ្ទះលេខ៧ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះមាន លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិន លេខ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន០១, ប្រាក់ហុងកុង ចំនួន៣៦,០០០, ប្រាក់ចិនចំនួន១០,០០០, ប្រាក់តៃវ៉ាន់ ចំនួន៤,០០០, កាតATM ចំនួន១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ ចំនួន០១ផងដែរ៕