(ចិន)៖ ក្រសួងដឹកជញ្ជូន និងក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យក្រុមហ៊ុនហៅតាក់ស៊ី ដែលឈានមុខគេ ក្នុងប្រទេសចិន ឈ្មោះថា ទិទិ ជូស៊ីង (Didi Chuxing) កែតម្រូវសេវាហៅតាក់ស៊ីរបស់ខ្លួន ក្រោយពីអតិថិជនជានារីម្នាក់ ត្រូវបានគេរំលោភ និងសម្លាប់នៅក្រុងវឹនចូវ ខេត្តជឺជាំង ប៉ែកខាងកើតប្រទេសចិន។

មុនពេលមានឃាតកម្មចុងក្រោយនេះ ឃាតកម្មមួយទៀត បានកើតឡើងរួចម្តងទៅហើយ ដោយអ្នកបើកបរឱ្យក្រុមហ៊ុន ទិទិ ម្នាក់ កាលពីខែឧសភា ដែលបានបង្ករឱ្យមានក្តីបារម្ភទូទាំងប្រទេសចិន អំពីសុវត្ថិភាពរបស់សេវាហៅតាក់ស៊ី។

លោក ឆាយ ធាន់ជា អនុប្រធានមន្ទីរសេវាដឹកជញ្ជូន ក្រសួងដឹកជញ្ជូនចិន និយាថា «ក្រុមហ៊ុន ទិទិ ជូស៊ីង ត្រូវគោរពតាមគោលការណ៍សុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ស៊ើបអង្កេតឱ្យហ្មត់ចត់ អំពីបុគ្គលដែលពាក់ព័ន្ធនឹងឃាតកម្មនេះ ធ្វើការកែតម្រូវឱ្យគ្រប់ជ្រុងជ្រោយ បញ្ឈប់សេវាហៅតាក់ស៊ីទូទាំងប្រទេសភ្លាមៗ និងធ្វើការកែតម្រូវអាជីវកម្ម ហៅតាក់ស៊ីតាមអនឡាញឱ្យបានគ្រប់ជ្រុងជ្រោយ»

បើយោងតាមក្រសួងដឹកជញ្ជូនចិន ករណីឃាតកម្មថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន ទិទិ ជូស៊ីង មិនបានរៀនសូត្រពីករណីចាស់ៗ ឬ ធ្វើការកែប្រែឱ្យហ្មត់ចត់ ដើម្បីកែតម្រូវបញ្ហាសុវត្ថិភាពនេះទេ។

លោក ឆាយ ធាន់ជា អនុប្រធានមន្ទីរសេវាដឹកជញ្ជូន ក្រសួងដឹកជញ្ជូនចិន និយាយថា «ចាប់ពីពេលនេះទៅ ក្រុមហ៊ុន ទិទិ ជូស៊ីង មិនត្រូវបានអនុញ្ញាតឱ្យមានយានយន្ត ឬមនុស្សដែលមិនមានលក្ខណៈគ្រប់គ្រាន់ទៀតទេ ហើយក្រុមហ៊ុននេះក៏ត្រូវបានហាម ពីការបញ្ជូនការកុម្ម៉ង់ហៅតាក់ស៊ី ទៅកាន់អ្នកបើកបរទាំងឡាយណា ដែលមិនបានជាប់ការវាយតម្លៃអំពីសុវត្ថិភាពដែរ។ ក្រុមហ៊ុននេះក៏ត្រូវបានបញ្ជាឱ្យពន្លឿន ការដកចេញនូវអ្នកបើកបរ និងយានយន្តទាំងឡាយដែលមានស្តង់ដារទាប»

បុគ្គលិកក្រុមហ៊ុន ទិទិ ជូស៊ីង និយាយថា ក្រុមហ៊ុនទទួលខុសត្រូវ ចំពោះហេតុការណ៍ដែលបានកើតឡើងនៅឯក្រុង វឹនចូវ ហើយក្រុមហ៊ុននឹងព្យួរសេវាហៅតាក់ស៊ីនេះទូទាំងប្រទេស ហើយសេវានេះនឹងត្រូវបិទចាប់ពីថ្ងៃច័ន្ទនេះតទៅ។ ឯបុគ្គលិកជាន់ខ្ពស់ពីរនាក់របស់ក្រុមហ៊ុន ត្រូវបានបញ្ឈប់ពីការងារ៕ (សារព័ត៌មាន CCTV របស់ចិន)