(កណ្តាល)៖ ផ្លូវបេតុងមួយខ្សែប្រវែងប្រមាណ ២ពាន់ម៉ែត្រ ដែលប្រជាពលរដ្ឋឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានស្នើសុំមុនពេលបោះឆ្នោតនោះ នៅពេលនេះត្រូវបានលោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ បានសាងសង់ជូនពួកគាត់រួចរាល់ហើយដូចអ្វីដែលបានសន្យា។
ការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បានអញ្ជើញបើកការដ្ឋានដោយផ្ទាល់តែម្តង។
ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ និងផលប្រយោជន៍នៃផ្លូវបេតុងមួយខ្សែនេះ ដែលអាចជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល និងអាចដឹកកសិផលទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។
លោកទេសរដ្ឋមន្ត្រី បានប្តេជ្ញាបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ស្របតាមអនុសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងដាក់អំពូលសូឡា ដើម្បីបំភ្លឺផ្លូវបេតុង និងគម្រោងនាំអ្នកកោះធំជិះរថភ្លើងទៅលេងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការរីកចម្រើន របស់ប្រទេសជាតិ ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
នៅចុងបញ្ចប់នៃកម្មវិធីលោក ស៊ុន ចាន់ថុល បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី និងចាក់បេតុងជានិមិត្តរូប នៃបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២.០០០ម៉ែត្រ ស្ថិតក្នុងភូមិចាស់ និងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល៕