(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច បានទទួលជួបលោកស្រី ណាន់ស៊ី វលធើ (Nancy Walters) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) ក្នុងឱកាសដែលលោកស្រីជម្រាបលា ខណៈដែលបេសកកម្មរបស់លោកស្រីនឹងត្រូវ បានបញ្ចប់នាចុងខែ សីហា ឆ្នាំ២០១៨ ខាងមុខនេះ ។
អគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ ។ ការចូលរួមចំណែកដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការតាំងចិត្តរបស់ WFP មកលើប្រទេសកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សតាមរយៈគម្រោងសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ។
អគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏គូសបញ្ជាក់អំពីការគាំពារសង្គម និងការអប់រំ គឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រ ចតុកោណទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
លោកស្រី ណាន់ស៊ី វលធើ បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយអាចចាត់ទុកជាប្រទេសគំរូ។
លោកស្រីក៏បានថ្លែងអំណរគុណ ជូនចំពោះក្រសួង-ស្ថាប័នទាំងឡាយ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ WFP កន្លងមក ជាក់ស្តែងក្រោមក្របខណ្ឌ កម្មវិធីរយៈពេល៥ឆ្នាំ (២០១១-២០១៥) និង ៣ ឆ្នាំ (២០១៦-២០១៨)។ ថ្វីត្បិតតែអាណតិ្តការងាររបស់លោកស្រី ត្រូវបានបញ្ចប់ តែបេសកកម្មរបស់ WFP នៅកម្ពុជានៅតែបន្តអនុវត្ត តាមរយៈក្របខណ្ឌកម្មវិធី ២០១៨-២០២១ ។
បន្ថែមពីនេះ, លោកស្រីក៏បានគូសរំលេចអំពីស្ថានភាព នៃការរៀបចំផែនការយុទ្ធសាស្ត្រ (Country Strategic Plan) សម្រាប់ ឆ្នាំ ២០១៩-២០២៣ របស់ WFP ដែលនឹងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណទី ៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
អគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានជូនពរលោកស្រី ណាន់ស៊ី វលធើ ឱ្យទទួលបានភាពជោគជ័យ ក្នុងតួនាទីថ្មីរបស់លោកស្រីក្នុងពេលខាងមុខនេះ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមខ្លួនជាស្រេច ក្នុងការ បន្តកិច្ចសហប្រតិបត្តិការជាមួយអ្នកបន្តវេនពីលោកស្រីផងដែរ៕