(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាអំពីរបាយការណ៍ ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០១៨។
កិច្ចប្រជុំដ៏មានសារសំខាន់នេះធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយផ្តោតសំខាន់លើ៖
* ការត្រួតពិនិត្យតាមដានវឌ្ឍនភាព និងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ ២០១៨
* ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌលទ្ធផលរបស់សហភាពអឺរ៉ុបពាក់កណ្ដាលឆ្នាំ ២០១៨ និង
* ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ។
ជាលទ្ធផល, ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ ២០១៨, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ សម្រេចបានដូចខាងក្រោម៖
* ផ្នែកទី១ «ភាពជឿទុកចិត្តនៃថវិកា» នៅតែសម្រេចបានលទ្ធផលល្អ ដោយការប្រមូលចំណូលមានវឌ្ឍនភាពល្អប្រសើរ។ គិតត្រឹមឆមាសទី១ ការអនុវត្តចំណូលក្នុងស្រុកធៀបនឹងច្បាប់ថវិកា (ចំណូលចរន្ត និងចំណូលមូលធនក្នុងស្រុក) សម្រេចបាន ៥៣.៦០% ដោយឡែកការអនុវត្តចំណាយគឺស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅ គឺសម្រេចបាន៤០%។ ចំណែកស្ថានភាពសាច់ប្រាក់ នៅតែអាចរក្សាបានជាសារវន្ត ដោយមិនមានបំណុលកកស្ទះថ្មី។
* ផ្នែកទី ២ «គណនេយ្យភាពហិរញ្ញវត្ថុ» ក៏សម្រេចបានលទ្ធផលល្អផងដែរ ដោយក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៥ បន្ថែមទៀតត្រូវបានប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធ FMIS និងបានទទួលការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS បន្ថែមពីនេះ អង្គភាពថវិកា ចំនួន ៩១១ ត្រូវបានរៀបចំដាក់ឱ្យអនុវត្ត និងក្រសួង ស្ថាប័នចំនួន៣៩ ត្រូវបានដាក់ឱ្យអនុវត្តអង្គភាពថវិកា។ ចំណាត់ថ្នាក់ថវិកាទាំង ៧ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់បច្ចុប្បន្ននេះ ចំណាត់ថ្នាក់ថវិកាទាំង ០៧ រួមមាន៖ ចំណាត់ថ្នាក់រដ្ឋបាល ចំណាត់ថ្នាក់ភូមិសាស្ត្រ ចំណាត់ថ្នាក់សេដ្ឋកិច្ច ចំណាត់ថ្នាក់កម្មវិធី ចំណាត់ថ្នាក់មុខងារ ចំណាត់ថ្នាក់គម្រោង និង ចំណាត់ថ្នាក់មូលនីធិ ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS ។
* ផ្នែកទី ៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ក៏មានវឌ្ឍនភាពល្អប្រសើរ ។ ថវិកាកម្មវិធីត្រូវបាន និងកំពុងដាក់ឱ្យអនុវត្តគ្រប់ក្រសួង ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្តជាបន្តបន្ទាប់ ចំណែកការអនុវត្តថវិកាកម្មវិធី ក៏កំពុងដំណើរការយ៉ាងរលូន និងឈានទៅការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម តាមរយៈការរៀបចំគោលការណែនាំការរៀបចំថវិកាកម្មវិធី និងផែនការយុទ្ធសាស្ត្រថវិកា និងក្របខ័ណ្ឌគតិយុត្តផ្សេងៗ ដែលគាំទ្រដល់កិច្ចដំណើការការងារទាំងអស់នេះ។
* ផ្នែកទី ៤ «ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់» និង ផ្នែកទី៥ «ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ និងចីរភាព» គឺស្ថិតក្នុងស្ថានភាពល្អ និងត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់អង្គភាពពាក់ព័ន្ធ ។
ជាមួយគ្នានេះ, អង្គប្រជុំក៏បានស្តាប់នូវលទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្ដាលឆ្នាំ ២០១៨ នៃការអនុវត្ត ក្របខណ្ឌលទ្ធផលរបស់សហភាពអឺរ៉ុប ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌ ក៏ដូចជា សេចក្ដីព្រាងក្របខ័ណ្ឌលទ្ធផលសម្រាប់ឆ្នាំ ២០១៩-២០២០ ផងដែរ ។
ចំពោះវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨, គោលការណ៍ធំៗចំនួន ០៤ ត្រូវបាន និងកំពុងអនុវត្តរួមមាន៖
១៖ ពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្ដានុពល
២៖. មិនមានការបង្កើតប្រភេទពន្ធថ្មី
៣៖ មិនមានការតម្លើងអត្រាពន្ធ និងអាករ, លើកលែងក្នុងករណីប៉ះប៉ូវដល់ការបាត់បង់ចំណូល
៤៖ ធានានូវភាពងាយស្រួល, សមធម៌ និងយុត្តិធម៌ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមករហូតសម្រេចបានសមិទ្ធផលដ៏វិសេសវិសាលនេះ។ សមិទ្ធផលដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងនេះ គឺបង្ហាញអំពីឆន្ទៈ ស្មារតីនៃភាពជាម្ចាស់ក្នុងការទទួលខុសត្រូវខ្ពស់ ពីគ្រប់អង្គភាពនៃក្រសងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន និងកំពុងចូលរួមចំណែកអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអភិក្រមបុរេសកម្ម អន្តរសកម្ម និងសកម្ម៕