(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារត្រួតពិនិត្យបច្ចេកទេសយានយន្ត ចុះវាស់ទ្រុងរថយន្តកុងតឺន័រ និងបានចុះពិនិត្យការដាក់ បារាស់កំរិតកម្ពស់រថយន្តចំនួន២កន្លែង ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដែលចរាចរណ៍លើផ្លូវលំ និងផ្លូវចាក់កៅស៊ូ ឆ្ពោះទៅច្រករបៀងព្រំដែនក្រសាំងជ្រំ ស្ថិតក្នុងស្រុកស្វាយជ្រំ ដែលកន្លងមកធ្លាប់ មានរថយន្ត ដឹកអេតចាយបើកបរលើផ្លូវនេះ បណ្តាលឲ្យខូចផ្លូវ។

លោកស្រី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះពិនិត្យរថយន្ត និងការដាក់បារាស់នាពេលនេះ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើរថយន្តធុនធ្ងន់ ដែលតទ្រុងវែងខុសលក្ខណៈបច្ចេកទេស ឲ្យកាត់ទ្រុងដែល លើសកំណត់ចេញ ទៅតាមការកំណត់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេសដោយមានការ យកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្ត ឲ្យចុះអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់រថយន្តដឹកលើសទម្ងន់។

លោកស្រី បានបន្តថា ក្នុងនាមលោកអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មិនដែលព្រងើយកន្តើយ ចំពោះរថយន្តដឹកលើសទម្ងន់នោះទេ គឺតែងតែដាស់តឿនដល់មន្ត្រីជំនាញ ឲ្យចុះពិនិត្យជាប្រចាំ ហើយខេត្ត បានបង្កើតគណៈកម្មាការចម្រុះមួយក្រុម ក្នុងការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ចាប់យកមកកាត់ទ្រុងបានរាប់សិបគ្រឿង នាពេលកន្លងមក ដើម្បីកុំមានដឹកលើសទម្ងន់ នៅលើផ្លូវតទៅទៀត។

លោកស្រី ឯក សុវណ្ណភារៈ បានបញ្ជាក់ទៀតថា ក្នុងនោះ ដើម្បីទប់ស្កាត់ការចរាចរណ៍ដឹកទំនិញ តាមរបៀងដែលក្រសួងមហាផ្ទៃ ចេញរាចរណ៍ណែនាំ មិនឲ្យនាំទំនិញ និងមនុស្សឆ្លងកាត់ តាមច្រករបៀងនាពេលកន្លង មួយវិញទៀត ក៏ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ និងជនអន្តោប្រវេសន៍ខុសច្បាប់ និងថែមទាំងកុំឲ្យមានរថយន្តដឹកលើសទម្ងន់លើផ្លូវលំផងដែរ៕