Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមការពារសុខភាព! កាំកុងត្រូលខេត្តបាត់ដំបង ចុះអប់រំអំពីសុវត្ថិភាពម្ហូបអាហារ នៅតាមសាលារៀន នៅស្រុកសំឡូត

29-08-2018 11:39

(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយសាលាស្រុកសំឡូត និងអង្គការ Giz ក្រោមគម្រោង EU DAR ធ្វើបទបង្ហាញក្នុងកម្មវិធីអប់រំ ផ្សព្វផ្សាយ សុវត្ថិភាពម្ហូអាហារ និងត្រួតពិនិត្យការលក់ដូរម្ហូបអាហារ និងភេសជ្ជៈនៅតាមសាលារៀន នៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ដោយមានកិច្ចសហការជាមួយអង្គការ Giz ក្រោម គម្រោង EU DAR និងមានការសម្របសម្រួល និងរៀបចំពីសាលាស្រុកសំឡូត និងដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទៅ ពិសេសលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលាគ្រប់ទីកន្លែង មន្រ្តីជំនាញបានចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធី អប់រំ ផ្សព្វផ្សាយ សុវត្ថិភាពម្ហូអាហារ និងត្រួតពិនិត្យការលក់ដូរម្ហូបអាហារ និងភេសជ្ជៈនៅតាមសាលារៀន។

លោកប្រធានបានបញ្ជាក់ថា ក្នុងកម្មវិធីនេះដែរ មន្រ្តីជំនាញបានចុះផ្សព្វផ្សាយ នៅតាមសាលារៀនតាមកម្មវិធី ដូចខាងក្រោម៖ ពេលព្រឹក នៅសាលាបឋមសិក្សា ស្ពង់ជ្រៅក្រោម ស្ថិតនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត និងពេលរសៀល នៅសាលាបឋមសិក្សា អូរច្រាប ស្ថិតនៅភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត។

ក្នុងកម្មវិធីផ្សព្វផ្សាយនេះ ដឹកនាំដោយលោក ពេជ្រ ចិន្ដា ប្រធានស្នាក់ការកាំកុងត្រូលប្រចាំ ច្រក៤០០ ក្នុងស្រុកសំឡូត ដោយមានការចូលរួម ពីតំណាងអភិបាលស្រុក មន្ត្រីសុខាភិបាលស្រុក ក្រុមប្រឹក្សាឃុំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកលក់ដូរក្នុងសាលា ប្រមាណជាង ១០០នាក់។

លោកប្រធានបានបន្តថា កម្មវិធីផ្សព្វផ្សាយនេះ នឹងបន្តធ្វើនៅទីកន្លែងផ្សេងទៀត ទៅតាមការជាក់ស្តែង ដើម្បីប្រជាពលរដ្ឋយល់កាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដោយសារចំណីអាហារ ដែលដាក់លក់នៅលើទីផ្សារ ឬទីកន្លែងផ្សេងទៀត ពិសេសនៅតាមសាលារៀនតាមទីក្រុង និងជនបទ៕