(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា រដ្ឋសភា និងអធិការកិច្ច លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តី បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលដឹកនាំដោយលោក វ៉ូ ម៉ៅ ប្រធានសមាគម។
លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម ស្របពេលដែលកម្ពុជា បានបញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក វ៉ូ ម៉ៅ បានលើកឡើងថា ដំណើរទស្សនកិច្ចពេលនេះ គឺរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ ចំណងមិត្តភាព៥០កម្ពុជា-វៀតណាម និង៤០ឆ្នាំដែលកម្ពុជា បានរំដោះចេញពីរបបប៉ុលពត។ លោកវ៉ូ ម៉ៅ បានបញ្ជាក់ថា សមាគមប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយអនុវត្តរួមគ្នា។ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ បណ្តាខេត្តនិងខេត្តជាប់ព្រំដែនជាមួយគ្នា ដូចជា នៅតំបន់ភាគឥសាន្តជាដើម បានសហការគ្នាយ៉ាងល្អ ហើយស្ថានទូតវៀតណាម ដើរតួនាទីទំនាក់ទំនងរវាងស្ថានទូត បានសហការគ្នាយ៉ាងជិតស្និទ្ធ។
លោក វ៉ូ ម៉ៅ បានអបអរសាទរប្រទេសកម្ពុជាសម្រេចបានជ័យជម្នះលើការបោះឆ្នោតជ្រើសតាំងសមាជិកសភាពេលថ្មីៗនេះ បានធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ ហើយកម្ពុជាមានកាអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរីកចម្រើនគ្រប់វិស័យ។
លោកស្រីកិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម ខណៈកម្ពុជាក៏ត្រៀមប្រារព្ធខួបទី៤០ឆ្នាំ នៃជ័យជម្នះ ៧មករាឆ្នាំ១៩៧៩ នៅពេលខាងមុខនេះ។
សមាគមមិត្តភាពកម្ពុជា-វៀតណាម មានសកម្មភាពជាច្រើន ដូចជា បានជួយឧបត្ថម្ភដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅ ប្រទេសវៀតណាមក្នុង១ឆ្នាំចំនួន១០០០នាក់ ដោយពុំគិតនិស្សិតកម្ពុជាជាកងទ័ព និងនគរបាលទេ។ ប្រទេសទាំងពីរ បានបន្តបណ្តុះចំណងមិត្តភាព បង្ហាញនូវទំនាក់ទំនងមិត្តភាពការទូត នៃប្រទេសទាំងពីរ។
លោកស្រីកិត្តិសង្ហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ទៀតថា ទំនាក់ទំនងមិត្តភាព នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា ក្រុមមិត្តភាព នៃប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមក។
លោកស្រីកិត្តិសង្ហបណ្ឌិត បានជំរាបគណៈប្រតិភូសមាគមមិត្តភាពវៀតណាមទៀតថា នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ រដ្ឋសភាប្រជុំលើកទី១ ក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ហើយនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីដំបូង នៃនីតិកាលទី៦ នៃរដ្ឋសភា៕