កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ដែលបានលួចឆ្លងដែនមកស្នាក់នៅរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន នៅខណ្ឌឬស្សីកែវ
29-08-2018 10:41
(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីពិនិត្យការស្នាក់នៅរបស់ជនបរទេស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនៅព្រឹកមិញនេះ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញបានពិនិត្យឃើញជនបរទេសចំនួន១១នាក់ ស្រី០៤នាក់ ជាជនជាតិវៀតណាម បានកំពុងកាន់កាប់ និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង ចំនួន១១នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងពិនិត្យឯកសារតាមនីតិវិធីបន្ត៕