(កណ្តាល)៖ ដោយសង្កេតឃើញពីការយកចិត្តទុកដាក់​របស់រដ្ឋបាលខេត្តកណ្ដាល​ ដោយឡែករដ្ឋបាលស្រុកស្អាង បានគិតគូរដល់ប្រជាពលរដ្ឋ ដោយបានចុះកំណត់រក្សាទុកបឹង ជាទ្រព្យសម្បត្តិសាធារណៈក្នុងភូមិសាស្ត្រស្រុកស្អាង​ជាច្រើន ដែលការចុះកំណត់នេះធ្វើឡើងក្រោយពីមានការណែនាំ របស់គណៈអភិបាលខេត្តកណ្តាល និងគណៈអភិបាលស្រុកស្អាង។

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨​នេះ ឲ្យដឹងថា ​ដើម្បីអនុវត្តន៍តាមការណែនាំ ពីលោកអភិបាល​ខេត្តកណ្តាល ដែលយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ក៏ដូចជាប្រជាពលរដ្ឋទូ​ទាំងខេត្តកណ្តាល កំពុងប្រកបរបរនេសាទ និងកសិកម្មនានា និងបានចុះកំណត់បឹងមួយចំនួនដូចជា​៖ បឹងត្នោតមានចំនួន៨៣ហិចតា​​, បឹងទឹកជោជាង១១ហិចតា​​, បឹងទទឹង​ថ្ងៃ ជាង៤១ហិចតា និង​បឹងរានមានជាង១៣៦ហិចតា​ បានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ​ និងកំពុងចុះបន្តដើម្បីទៅកំណត់បឹងមួយចំនួនទៀតផងដែរ​។

លោកអភិបាលស្រុក បានបន្តថា ការចុះកំណត់នេះ បន្ទាប់ពីបានទទួលមតិដឹកនាំ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងមកនេះ​ អាជ្ញាធរស្រុក បានចុះទៅដកបង្គោល ដែលបានបោះក្នុងបឹង៥០០ មានចំនួនរហូតដល់ជាង២៧០បង្គោល ដោយមានជនខិលខូចបានទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ​ ដោយត្រូវរក្សាទុកដី បឹងទាំងនោះ ទុកជាសម្បត្តិសាធារណៈចំនួនប្រហែល៤០០ហិចតា និងបន្ត​ដល់អាងទឹកយុវជនប្រហែល១០០ហិចតា​ ដែលជនមួយចំនួន​បានបោះចូលធ្វើឲ្យអាជ្ញាធរឈឺក្បាល​​។

បើតាមអភិបាលស្រុកស្អាង ករណីនេះធ្វើឲ្យប៉ះពាល់ដល់ អ្នករំលោភកាន់កាប់ទាំង​នោះមិនសប្បាយចិត្ត​ រួចបានប្រើគ្រប់វិធីរិះគុណអាជ្ញាធរ ទាំងមិនសមហេតុផលផ្សេងៗ ដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដែលបានការអនុវត្កលើការងារ​នេះ។

ដោយឡែក ប្រជា​នេសាទនៅស្រុកស្អាង មានការសប្បាយចិត្ត និងសាទរដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ ដល់​ពួកគាត់ជាអ្នកប្រកបបរបរនេសាទនោះ ព្រោះបឹងរដ្ឋ គឺជាអាយុជីវិត​របស់ពួកគាត់បើសិនជាបាត់បង់ទៅ គឺជីវិតគ្រួសារគាត់មូលត្រូវប្រឈមបញ្ហាជាច្រើនផងដែរ កូនៗអាចឈប់ពីការសិក្សា ឬក៏ឈានទៅធ្វើជាពលករឆ្លងដែន។

បន្ថែមពីនេះប្រជានេសាទ ​បានសំណូមពរដល់រដ្ឋបាលស្រុក មេត្តាជួយបន្តចុះទៅកំណត់ដែនបឹងរដ្ឋមួយចំនួនទៀត ដែលនៅសេសសល់ ដែលក្រុមឈ្មួញខិលខូច កំពុងទន្ទ្រានកាន់កាប់នោះ៕