(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅល្ងាចនេះសម្តេចអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១០ទៀតហើយ ត្រូវបានដាក់ចូលក្នុងកម្មវិធីការងាររបស់សម្តេច។ សម្តេចតេជោ បានអះអាងថា សម្តេចនឹងបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីបែបនេះជារៀងរហូត ដើម្បីសម្រេចនូវការអនុវត្តន៍គោលនយោបាយឧស្សាហកម្ម២០១៥-២០២៥។
* សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសបានចេញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បើទោះបីមានការរារាំងពីក្រុម «ដេកផ្ទះឈ្នះឯងក៏ដោយ» នោះ។
* សម្តេចតេជោ បានថ្លែងថា ការបោះឆ្នោតរបស់គាំទ្រគណបក្សប្រជាជនកម្ពុជារបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺបានបង្ហាញឲ្យឃើញពីការគាំទ្រនូវ សុខសន្តិភាពរបស់ប្រទេសមួយនេះ ព្រោះពួកគេបានដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះអាចឈរជើងការពារនូវសុខសន្តិភាពដែលកំពុងមាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងតែអមដំណើរប្រជាពលរដ្ឋខ្មែរឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ត្រូវគិតដល់កត្តាផ្សេងៗទៀត ដែលអាចនាំឲ្យមានការចាកចេញរបស់ថៅកែរោងចក្រ។ សម្តេចតេជោថា សន្តិភាពជារឿងធំ តែការប្រកួតប្រជែងទីផ្សារការងារជាមួយប្រទេសដទៃទៀត ក៏ត្រូវតែគិតផងដែរ ដូចជាប្រទេសបង់ក្លាដេសបៀវត្សរ៍ ៦៧ដុល្លារ, ស្រីលង្កា ៦៧ដុល្លារ, ឥណ្ឌា ៦៧ដុល្លារ ដល់១៤០ដុល្លារ, មីយ៉ាន់ម៉ា ១០៨ ឥណ្ឌូ ១០៧ដុល្លារ ដល់ ២៦០ដុល្លារ...។
* ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី ចង់ឲ្យមានការពិចារណាក្នុងការដំឡើងប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ពោលមិនត្រូវគិតតែពីការទាមទារប្រាក់ឈ្នួលខ្ពស់ឲ្យថៅកែរោងចក្រ រកស៊ីមិនចំណេញហើយដករោងចក្រចេញពីកម្ពុជាទៅកាន់ប្រទេសដទៃនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃដំបូងសម្រាប់អាណត្តិថ្មីនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ សម្តេចនឹងថ្លែងសារបើកកិច្ចប្រជុំនោះ ដោយអនុញ្ញាតឲ្យមានការផ្សាយផ្ទាល់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុខទុក្ខកម្មករ កម្មការិនី ជាសុខទុក្ខរបស់សម្តេច ហើយគ្មានមេដឹកនាំប្រទេសណាចង់ដឹកនាំប្រទេសឲ្យមានភាពក្រីក្រនោះទេ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចបានដឹកនាំប្រទេសនេះដោយចាប់ផ្តើមពីស្ថានភាពដ៏លំបាក ប្រជាពលរដ្ឋមានត្រឹម ៥លាននាក់ មកដល់ ១៦លាននាក់នាពេលបច្ចុប្បន្ន ជាមួយជីវភាពមួយល្អប្រសើរ។
* សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រៅប្រពន្ធមកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យបុគ្គលិក និយោជិតទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចចង់បាន គឺសហគមន៍រោងចក្រសុខសាន ពោលថៅកែរោងចក្រ និងកម្មករ កម្មការិនីត្រូវចេះសហការគ្នាបង្កើតភាពសុខដុមក្នុងរោងចក្រ ព្រោះភាគីទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឲ្យសម្តេចត្រូវតែបន្តចុះជួបកម្មករ កម្មការិនីនោះ ព្រោះតែបន្ទាប់ពីមានជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថៅកែ ប្រធានរដ្ឋបាល ប្រធានផ្នែកកន្លងមកនេះ គឺមិនមានបាតុកម្មខុសច្បាប់កើតឡើងទៀតនោះទេ។
* សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបើកប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីចាប់ពីឆ្នាំ២០១៩នេះទៅ នឹងមិនបើកប្រាក់ឈ្នួលប្រចាំខែទៀតទេ គឺនឹងបើកប្រាក់ប្រចាំសប្តាហ៍ម្តង ពោលគឺបើកពីរសប្តាហ៍ម្តង។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រឲ្យកែលំអហេដ្ឋារចនាសម្ព័ន្ធនៅតាមរោងចក្រឲ្យកាន់តែល្អប្រសើរ ដូចជាការរៀបចំឲ្យមានការបរិភោគអាហារ និងកន្លែងផ្តល់សេវាសុខភាពជាដើម។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវឲ្យមានបងតូចបងធំ និងជើងកាងនៅតាមរោងចក្រ សហគ្រាសទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរដូវបុណ្យភ្ជុំ និងចូលឆ្នាំពង្រាយរថយន្តក្រុងសាធារណៈតាមផ្លូវជាតិ ដើម្បីទប់ស្កាត់ការដំឡើងថ្លៃរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានចលនាប្រឡងប្រណាំង «រោងចក្រសហគមន៍សុខសាន»។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្បថមិនមែនជាអបិយជំនឿ និងជាភាពទ័លច្រកនោះទេ ព្រោះនៅលើពិភពលោកនេះគ្រប់មេដឹកនាំមុនចូលកាន់តំណែងត្រូវតែស្បថជាមុនសិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលើកលែងទោសនាពេលប៉ុន្មានថ្ងៃនេះ មានពីរប្រភេទ។ ប្រភេទទី១៖ ប្រភេទបានធ្វើលិខិតស្នើសុំទៅសម្តេចដោយ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា និងលោកស្រី ទេព វន្នី ជាដើម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើដល់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍យកលិខិតសុំទោសរបស់អ្នកទោសដែលបានលើកលែងមកផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយញាក់ឆ្វេងវ៉ៃស្តាំ។ ក្នុងន័យនេះសម្តេចសម្តៅដល់ទណ្ឌិត សម រង្ស៊ី ដែលសប្តាហ៍មុនបានព្យាយាមញុះសម្តេច មិនឲ្យមានការដោះលែងអ្នកទោស តែទីបំផុតសម្តេចបានលែងទាំងអស់ ដោយមិនធ្វើតាមការញុះរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។
* សម្តេចតេជោ បានថ្លែងថា អ្នកដែលលើកលែងទោសដោយការព្រះរាជទានទោសពីព្រះមហាក្សត្រនោះ មិនត្រូវការសងសំណងតាមបណ្តឹងនាពេលកន្លងមកនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់អ្នកដែលរួចទោសតាមរយៈការអនុវត្តន៍ទោសរួចរាល់នោះត្រូវតែសងសំណងតាមបណ្តឹងប្រមាណ ៨០០លានរៀល។ សម្តេចតេជោថា បើមិនសងទេត្រូវចូលពន្ធនាគារវិញ។ អ្នកទោសដែលបានរួចដោយការអនុវត្តន៍ទោសនាពេលកន្លងមកនេះ គឺលោក កឹម សុខ។
* សម្តេចតេជោ បានថ្លែងថា ប្រសិនបើមិនសងសំណងតាមបណ្តឹងនេះទេ សម្តេចប្តឹងបញ្ជូនចូលពន្ធនាគារវិញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមានការដោះលែង លោក កឹម សុខា នៅថ្ងៃស្អែកនោះឡើយ។
* សម្តេចបានបញ្ជាសមត្ថកិច្ចចាប់មេក្លោងដែលប្រកាសធ្វើចលនាទៅត្រៀមទទួលលោក កឹម សុខា នៅត្រពាំងផ្លុង។
* សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនៅតែបន្តប្តឹងលោក កឹម សុខា ព្រោះជាទោសក្បត់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសទារសំណង ៨០០លានរៀលពីលោក កឹម សុខ បើមិនសងទេ សម្តេចនឹងប្តឹងតុលាការដាក់ពន្ធនាគារវិញ។
* សម្តេចតេជោ បានថ្លែងថា សម្តេចស្វាគមន៍គណបក្សនយោបាយពីរផ្សេងទៀត ដែលចង់ចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» តែមិនត្រូវធ្វើតាមព័ត៌មានទេ ត្រូវសរសេរលិខិតស្នើសុំមករាជរដ្ឋាភិបាល។
* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២៧នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕