(ភ្នំពេញ)៖ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ សម្ដេចតេជោជាអគ្គពុទ្ធសាសនូបត្ថម្ភមួយរូបដែលបានដឹកនាំប្រទេស ដោយផ្អែកលើពុទ្ធធម៌និងតែងប្រកាន់ ខ្ជាប់នូវគុណធម៌សីលធម៌នៃភាពជាអ្នកដឹកនាំតាមបែបព្រះពុទ្ធសាសនាគឺ ទសពិធរាជធម៌ និងព្រហ្មវិហារធម៌ មេត្តា ករុណា ការសណ្ដោសប្រណី ការឲ្យទាននិងការឲ្យអភយទាន គឺការលើកលែងទោសដល់ប្រជាពល រដ្ឋជាកូនចៅរបស់សម្ដេច។
គោលបំណងនៃការដឹកនាំរបស់សម្ដេច គឺដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេស ជាតិ បម្រើប្រជាពលរដ្ឋឲ្យបានរស់នៅក្រោមម្លប់នៃសន្តិភាព វិបុលភាព និងសុភមង្គល។ សម្ដេចធ្លាប់មាន ប្រសាសន៍ថា សម្ដេចមិនមានបំណងបៀតបៀននរណានោះទេ ប៉ុន្តែដើម្បីរក្សាប្រទេសជាតិឲ្យស្ថិតនៅក្នុង សុខសន្តិភាព ការអនុវត្តច្បាប់សម្រាប់អ្នកប្រព្រឹត្តខុសច្បាប់គឺជារឿងចាំបាច់។
តាមទស្សនព្រះពុទ្ធសាសនា ការលើកលែងទោស (អភយទាន) គឺជាការសន្សំបុណ្យបារមីរបស់ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព ការផ្សះផ្សាជាតិ ក្នុងបច្ចុប្បន្នផង និងជាបុណ្យកុសលរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំទៅជាតិមុខផង ព្រោះហេតុនេះទើបគេឃើញមានព្រះមហាក្សត្រដែលកាន់លទ្ធិពុទ្ធរាជ ឬ មេដឹកនាំជាពុទ្ធសាសនិកបានប្រកាន់យកនូវ ការលើកលែងទោសនេះតាំងពីយូរយាណាស់មកហើយមានដូចជា ព្រះបាទធម្មាសោកជាព្រះមហាក្សត្រ ដ៏ល្បីល្បាញរបស់ឥណ្ឌា បានលើកលែងទោសចំនួន២០លើក ក្នុងរយៈពេល២៦ឆ្នាំ ដែលព្រះអង្គបានសោយរាជ្យ។
ព្រះបាទជ័យវរ្ម័នទី៧ ក៏បានគ្រងរាជ្យដោយប្រកាន់ខ្ជាប់នូវទសពិធរាជធម៌ និងព្រហ្មវិហារធម៌ បានចាត់ទុកប្រជាពលរដ្ឋដូចកូនចៅរបស់ព្រះអង្គ និងឲ្យអភយទានដល់កូនចៅ ដែលគួរទទួលបានការឲ្យអភ័យ ហើយប្រពៃណីនេះ ត្រូវបានរក្សារហូតដល់ព្រះមហាក្សត្រនៃយើងនាពេលបច្ចុប្បន្នគឺ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី មានដូចជាពេលបុណ្យអំទូក បុណ្យចូលឆ្នាំ បុណ្យ ចម្រើនព្រះជន្មជាដើម។
អ្នកនិយាយថា ការលើកលែងទោសដោយសាររងសម្ពាធបរទេស វាមិនបានឆ្លុះបញ្ចាំងពីសច្ចធម៌ នៃភាពជាអ្នកដឹកនាំតាមបែបព្រះពុទ្ធសាសនានោះទេ ហើយអ្នកនិយាយនោះ ពិតជាមិនបានយល់ដឹងអំពី គុណធម៌របស់អ្នកដឹកនាំដែលជាអគ្គពុទ្ធសាសនូបត្ថម្ភដូចជាសម្ដេចតេជោនោះដែរ។
តាមពិតទៅការនិយាយថា ការលើកលែងទោសដោយសាររងសម្ពាធបរទេសនោះ វាឆ្លុះបញ្ចាំងពី ចរិតពិតរបស់អ្នកនិយាយនោះច្រើនជាង ដែលគ្មានគុណធម៌ គ្មានមេត្តា មានតែការខឹងក្រោធ ស្អប់ខ្ពើម តែងរកលេះ រកឧបាយកល់សព្វបែបយ៉ាងដើម្បីលាបពណ៌ រិះគន់ ជេរប្ររមាថដើម្បីបញ្ឆេះកំហឹង...។ល។ តាមហេតុផល មនុស្សមិនអាចក្លាយ ជាមនុស្សល្អដោយហេតុត្រឹមតែចេះលាបពណ៌ជេរប្រមាថនិងរិះគន់ ថាគេអាក្រក់នោះទេ ហើយមនុស្សក៏មិនអាចក្លាយទៅជាមនុស្សអាក្រក់ដោយសារគេថា អាក្រក់នោះដែរ។ ទង្វើរបស់បុគ្គលវិញទេដែលបញ្ជាក់ថាបុគ្គលនោះល្អឬអាក្រក់។
គណបក្សប្រជាជនកម្ពុជា ដោយមានសម្ដេចតេជោជាថ្នាក់ដឹកនាំដ៏ឆ្នើម បានដឹកនាំរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ធ្វើជាកម្លាំងស្នូលក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឲ្យ ប្រទេសមានសន្តិភាពពេញលេញ រក្សាបាននូវសុខសន្តិភាព (ជាសន្តិភាពយូរអង្វែងជាងគេក្នុងប្រវត្តិសាស្រ្ត ខ្មែរចាប់តាំងពីសតវត្សទី១៥មក) ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ ហើយតែងតែធ្វើសម្បទានជាបន្តបន្ទាប់ ដើម្បីការផ្សះផ្សាជាតិ និងសាមគ្គធម៌ក្នុងសង្គមជាតិ មានដូចជាការលើកលែងទោសជាញឹកញយ ជាពិសេសអ្នកនយោបាយសកម្មជនសិទ្ធិមនុស្សជាដើម ដែលបានធ្វើខុសច្បាប់ហើយមានទោស ហើយការលើកលែងទោសលើកនេះក៏កើតចេញពីទឹកចិត្តប្រកបដោយមេត្តា ករុណា សណ្ដោសប្រណីរបស់ សម្ដេច មិនមែនដោយសាររងសម្ពាធបរទេសនោះទេ ទាំងនេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលឆ្លុះឲ្យឃើញពីគុណធម៌របស់សម្ដេចក៏ដូចជា គណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគទាំងឡាយគួរវិភាគដោយផ្អែកលើមូលដ្ឋានច្បាប់ គុណធម៌ សីលធម៌ ហេតុផល ទស្សន វិជ្ជា ប្រពៃណីជាដើម មិនគួរវិភាគដោយគ្រាន់តែចេះប្រើពាក្យថា “ខ្ញុំគិតថា” ព្រោះពាក្យ ”ខ្ញុំគិតថា” អាចជា ការគិតដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួន វាមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ជាជំនួយដល់ការយល់ឃើញ របស់សាធារណជននោះទេ តែបើវិភាគដោយផ្អែកលើមូលដ្ឋានច្បាប់ ឬ សីលធម៌ជាដើមទើមមានតម្លៃ សម្រាប់ជួយដល់មូលដ្ឋានគំនិតរបស់ប្រជាជនយើង។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ មានមោទនភាពចំពោះបញ្ញាញាណរបស់សម្ដេចដែលបានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ហើយសូមប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាចូលរួមរក្សាសន្តិភាពដែលរកបាន ដោយលំបាកនេះឲ្យស្ថិតស្ថេរតទៅ។
ភ្នំពេញ, ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
សួស យ៉ារ៉ា