(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតកាបូបចំនួន១ និងផលិតកេសកាតុងចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាសទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ គ្រាន់តែជាទីក្រុងខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាមដ៏ស្ងប់ស្ងាត់មួយកុំថា ឡើយដល់ការវិនិយោគ សូម្បីតែប្រជាពលរដ្ឋចូលមករស់នៅក៏គ្មានផង។ ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ បានក្លាយជាទៅជារាជធានីជាទីប្រតិព័ទ្ធសម្រាប់ប្រជាពលរដ្ឋរស់នៅ សម្រាប់ការធ្វើពាណិជ្ជកម្ម សម្រាប់វិនិយោគ សម្រាប់ធ្វើទេសចរណ៍ សម្រាប់ក្រេបជញ្ជក់ចំណេះដឹងជាដើម។ ជាពិសេសរាជធានីភ្នំពេញជាទីក្រុងឧស្សាហកម្មដ៏រស់រវើកមួយផងដែរ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២,៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៣៦ មានកម្មករ និយោជិតចំនួន ៤០៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ៩៨០លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃនេះ គឺជាលើកទី៥៥ហើយ។ ជំនួប៥៥លើកនេះ មានកម្មករ កម្មការិនីសរុប ៧៦៦,៣៣៩នាក់ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។
តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕