(ភ្នំពេញ)៖ ក្រុមគ្រួសារម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង ដែលស្ថិតនៅផ្ទះលេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ដោយចោទថា ផលិតប៊ីចេងក្លែងក្លាយ បានចេញមុខមកបដិសេធ និងអះអាងថាការវេចខ្ចប់នេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ។
តាមរយៈការអះអាង របស់ម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេងខាងលើ បានឲ្យដឹងថា ប៊ីចេងម៉ាក ហ្គូលខាប់ (GoldCup) និងម៉ាក វីន វីន(Winwin) ពុំមែនជាប៊ីចែងក្លែងក្លាយដូចការចោទប្រកាន់នោះទេ គឺមានវិញ្ញាបនប័ត្រចុះបញ្ជីម៉ាក នៅក្រសួងពាណិជ្ជកម្មតាមច្បាប់។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ទីតាំងវេចខ្ចប់ប៊ីចេងខាងលើ ដោយចោទប្រកាន់ថា ក្លែងក្លាយ និងភស្តុតាងរួមមាន៖ ប៊ីចេងបាវសចំនួន៣៥២បាវ ប៊ីចេងបាវគគីរចំនួន១២៥បាវ ប៊ីចេងរាយម៉ាក Win Winចំនួន១៤០បាវ
ប៊ីចេងច្រករួច(500g)ចំនួន៣២បាវ ប៊ីចេងច្រករួចម៉ាក GoldCup ចំនួន៤៧កេស ប៊ីចេងរូបវែក (២៥០ក្រាម)និងប៊ីចេងរាយ មិនទាន់វេចខ្ចប់មួយចំនួនទៀត សរុបទម្ងន់ទាំងអស់ប្រមាណ១៧តោន។
ពាក់ព័ន្ធបញ្ហានេះ ក្រុមគ្រួសារម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង ខាងលើបានបង្ហាញឯកសារដែលបញ្ជាក់ថា
ទីតាំងវេចខ្ចប់ប៊ីចេង នៅផ្ទះលេខAB45 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ នេះបានត្រូវGS1CAMBIDIA ចេញវិញ្ញាបនប័ត្រចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បញ្ជាក់ថា ជាសិប្បកម្មវេចខ្ចប់ប៊ីចេងសុខ វួចលីន និងជាសមាជិកនៃស្ថាប័ន GS1CAMBIDIA។
ក្រុមគ្រួសារដដែលបានអះអាងថា ប៊ីចេងម៉ាក GoldCup ត្រូវក្រសួងពាណិជ្ជកម្ម ចេញវិញ្ញាបនប័ត្រចុះបញ្ជីម៉ាកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ត្រឹមត្រូវតាមច្បាប់។
ដោយឡែកប៊ីចេងម៉ាក Win Win គឺខាងសិប្បកម្មវេចខ្ចប់ប៊ីចេង សុខ វួចលីន ទិញពីដេប៉ូចែកចាយ។ តែសេះមាសប៊ីចេង Win Win និងឈ្មោះ ញ៉េប ហួយ ដោយមានវិក័យប័ត្របញ្ជាក់ច្បាស់លាស់គឺប៊ីចេងទាំងអស់នេះមិនមែនក្លែងក្លាយទេ៕