(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ​រួមមាន សហគមន៍នេសាទ, ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ក្រោមការបញ្ជាពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនៅទីតាំងទី១៖ ​លោក ​បានបញ្ជា​អធិការនគរបាលស្រុកព្រៃឈរ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន លោកមេឃុំមៀន, ក្រុមប្រឹក្សាឃុំមៀន, សហគមន៍នេសាទឃុំមៀន ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចជ្រោយកេះ កោះចេ ទំនប់អេងលី ចំណុចខាងត្បូងភូមិទួលព្រិច និងបឹងធំ ឃុំមៀន ស្រុកព្រៃឈរ​។

ជាលទ្ធផល រួមមាន លូស្បៃមុង​ចំនួន២៥មាត់, ព្រួលស្បៃមុង​ប្រវែង១,២៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន៣៧៥ដើម និងចាក់លែងកូនត្រីចម្រុះចំនួន១៤៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ចំពោះឧបករណ៍សម្ភារខាងលើ ត្រូវបានក្រុមការងារកាប់បំផ្លាញចោលនៅនិងកន្លែង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនៅទីតាំងទី២៖ លោកបាន​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុច ភូមិសាស្រ្ត ឃុំត្រប់ បឹងស្រះហីង និងទំនប់ត្រពាំងប្រលិត ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាលទ្ធផល ដកហូតបាន លូស្បៃមុង​ចំនួន៥២មាត់, របាំងស្បៃមុង ប្រវែង២,៨៥០ម៉ែត្រ, ឧបករណ៍រ៉ាវ​ចំនួន២១មាត់, របាំងរ៉ាវ​ប្រវែង១,២៥០ម៉ែត្រ
, បង្គោលចម្រឹង ចំនួន១,១៧០ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន១១៤គីឡូក្រាម។ ចំពោះសម្ភារឧបករណ៍ល្មើសច្បាប់ទាំងអស់ បានដុតកំទេចចោល នៅចំណុចទួលឬស្សីច្រាញ ឃុំត្រប់ ដោយមានការឯកភាពពី​លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕