(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីពាក់ព័ន្ធជួបសំណេះសំណាល និងជួយដោះស្រាយស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋព្រមទាំងបានផ្តល់ស្បៀង ជូនដល់ពលរដ្ឋខ្វះលទ្ធភាព និងជនដែលគ្មានមុខរបរពិតប្រាកដ បានជាង៣០០នាក់ នៅសាលាខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមឯលោកជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុងពលរដ្ឋ គ្រប់កាលៈទេសៈ។ លោកបានបន្ថែមថា ទោះបីជាការជួយនេះ មានកម្រិតតិចតួចក្តីក៏យើងត្រូវមានវប្បធម៌ ចែករំលែកទៅតាមស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង និងជនដែលគ្មានមុខរបរពិតប្រាកដ បានយកទៅទទួលទានបានមួយគ្រា។
លោកបានបន្តថា យើងបានជួបជុំគ្នាមើលឃើញពីសមិទ្ធផលធំៗ ទូទាំងខេត្តក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះ បើផ្អែកតាមចំនួនប្រជាពលរដ្ឋ ដែលរដ្ឋអំណាចមូលដ្ឋានបានបញ្ជូនឈ្មោះមកនោះមានចំនួនជាង៣០០នាក់ ដោយម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ដែលសកម្មភាពនេះ រូបលោកតែងតែអនុវត្តន៍ជាប្រចាំចាប់តាំងពីមកដឹកនាំយន្តការនៅក្នុងខេត្ត៕