(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺស ខេមបូឌា និង Net Guardians ដែលជាក្រុមហ៊ុនទទួលពានរង្វាន់ផ្នែកបចេ្ចកវិទ្យាហិរញ្ញវត្ថុប្រទេសស្វីស នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ រៀបចំសិក្ខាសាលា ក្រោមប្រធានបទ ការការពារទុកជាមុននូវការលួចបន្លំក្នុងយុគសម័យទិន្នន័យធំ (Big Data) និងការគ្រប់គ្រងដោយ ប្រព័ន្ធម៉ាស៊ីន (Artificial Intelligence) មកធ្វើកិច្ចពិភាក្សា ដើម្បីធ្វើឲ្យប្រសើរឡើងនូវការការពាររបស់ធនាគារ លើរាល់ហានិភ័យទាក់ទងការលួចបន្លំតាមរយៈប្រព័ន្ធឌីជីថល ក្នុងប្រទេសកម្ពុជា។
លោក តាំង បូរ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន ហ្វឺស ខេមបូឌា បានឲ្យដឹង ក្រុមហ៊ុន ហ្វឺស ខេមបូឌា បានបង្កើតឡើងនៅឆ្នាំ២០០២ ហើយត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុន System Integration លំដាប់ថ្នាក់ទី១ ក្នុងកម្មវិធីជាច្រើនលើទីផ្សារកម្ពុជា ដោយបានធ្វើការជាច្រើន ជាមួយស្ថាប័នធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ តាមរយៈការផ្គត់ផ្គង់ end-to-end solutions, ការគាំពារគម្រោង និងការអនុវត្តនូវប្រព័ន្ធសុវត្ថិភាពលើការទូរទាត់លុយ (secure payment system environment), និងការធ្វើឲ្យប្រសើរបំផុតនូវដំណើរការប្រព័ន្ធដែលឆ្លើយតបនឹងការបត់បែន នៃតម្រូវការរបស់អាជីវកម្មបានយ៉ាងឆាប់រហ័ស។
បើតាមនាយកប្រតិបត្តិរូបនេះ ក្រុមហ៊ុន ហ្វឺស ខេមបូឌា កំពុងតែបន្តពង្រឹងទីផ្សាររបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសហការជាមួយដៃគូរសំខាន់ៗ ដែលមានជំនាញដូចជា Net Guardians ដើម្បីធ្វើការផ្គត់ផ្គង់គម្រោងរបស់យើងឲ្យទាន់ពេលវេលា ជាមួយនឹងគុណភាពខ្ពស់ និងសមស្របតាមថវិកា ជូនអតិថិជន។
ដោយឡែក Net Guardians គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ផ្នែកបចេ្ចកវិទ្យាហិរញ្ញវត្ថុប្រទេសស្វីស ហើយមានអតិថិជនកំពុងតែកើនឡើង ជាង២០ប្រទេស។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ហើយបានដោះស្រាយជូនធនាគារលើពិភពលោក ពីលំដាប់ថ្នាក់ទី១ ដល់ទី៣ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មផ្នែកហិរញ្ញវត្ថុ។
NetGuardians មាន Risk Platform ដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដូចជា machine learning, big data និង artificial intelligence ដើម្បីការពារ ការក្លែងបន្លំដែលកើតឡើងក្នុងពេលវេលា ជាក់ស្តែង ឆ្លងកាត់តាមចំនួននៃប្រតិបត្តិការអាជីវកម្មរាប់បញ្ចូលទាំងការប្រើប្រាស់ ប្រព័ន្ធធនាគារចល័ត និងអេឡិចត្រូនិច, ការបន្លំក្នុងស្ថាប័ន, ការបន្លំលើការទូរទាត់ និងការលួចតាមរយៈ SWIFT។
ក្រុមហ៊ុននេះ មានទីស្នាក់ការធំនៅប្រទេសស្វីស ហើយមានការិយាល័យនៅតាមប្រទេសមួយចំនួនដូចជា ប្រទេសស៊ីងហ្គាពួរ, កេនយ៉ា និងប៉ូឡូញ។ ក្រុមហ៊ុន NetGuardians ត្រូវបានទទួលស្គាល់ជា Gartner Cool Vendor ក្នុងឆ្នាំ២០១៥ និងជា Chartis RiskTech 100 Vendor ក្នុងឆ្នាំ២០១៨។
លោក Peter Marini ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ក្រុមហ៊ុន Net Guardians បានឲ្យដឹងថា ការលួចបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Fraud) ត្រូវបានរំពឹងទុកថា នឹងកើនឡើងដល់៦ពាន់កោដិដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១។ ដូច្នេះយើងសង្ឃឹមថា ជំនាញឯកទេសដែលក្រុមហ៊ុន NetGuardians មាននឹងធ្វើឲ្យមានឥទិ្ធពលវិជ្ជមាននៅក្នុងតំបន់ ហើយក្រុមហ៊ុន ហ្វឺស ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ នៅក្នុងតំបន់ដែលយើងជឿជាក់ថា នឹងអាចសម្រេចការងារជាមួយយើងបានជោគជ័យ ក្នុងការជួយស្ថាប័នធនាគារក្នុងការប្រយុទ្ធប្រឆាំងនឹងការបន្លំ ជាមួយនឹងដំណោះស្រាយដ៏មានប្រសិទ្ធិភាព។
អតិថិជនដែលក្រុមហ៊ុន NetGuardians កំពុងធ្វើការជាមួយតាំងពីឆ្នាំ២០០៦ គឺធនាគារ អេស៊ីលីដា ដោយប្រើប្រាស់នូវកម្មវិធី Risk Platform ដើម្បីកាត់បន្ថយហានិភ័យ នៃការលួចបន្លំតាមប្រព័ន្ធឌីជីថល។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងមកកាន់ លោក កូយ ចំណាប់, ក្រុមហ៊ុនហ្វឺស ខេមបូឌា តាមរយៈលេខទូរស័ព្ទ ០១២២២៨៩៥៦ ឬ អ៊ីម៉ែល [email protected]៕