(កំពត)៖ នៅសាលាខេត្តកំពត លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមបើក អង្គសិក្ខាសាលា ស្ដីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ប្រជាជនវ័យចាស់នៅកម្ពុជា»។
លោក ជាវ តាយ បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ លោកបន្តថា សិក្ខាសាលានាពេលនេះ ពិតជាមានសារសំខាន់សម្រាប់មន្ត្រីនៃមន្ទីរ អង្គភាព អង្គការសង្គមស៉ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានយល់ដឹង និងចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់គុណភាពនៃជីវិត និងសុខមាលភាពរបស់ប្រជាជន និងកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា ដោយឈរលើទស្សនៈ ប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង និងឈរលើទស្សនៈបរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន ធ្វើឲ្យគោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលសង្គម-សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់ និងដើម្បីឆ្លើយតបនឹងភាពចាំបាច់ក្នុងការដាក់បញ្ចូលបញ្ហាប្រជាជន ទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចមានសន្ទុះលឿនជាងមុន និងប្រកបដោយចីរភាព។
បើតាមលោកទេសរដ្ឋមន្ត្រី គោលនយោបាយនេះ ជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន។ លោកមានជំនឿថា សមាជិកអង្គសិក្ខាសាលានេះ ពិតជាទទួលបានទុនបន្ថែមសម្រាប់ ការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះមានរយៈ ២ថ្ងៃ ដែលមានមន្ត្រីចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តកំពត និងមន្ត្រីនៃមន្ទីរផែនការដែលមកពីខេត្តព្រះសីហនុ កោះកុង កែប កំពង់ស្ពឺ កណ្ដាល និងខេត្តកំពត សរុបចំនួន១៥០នាក់៕