(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីសន្តិសុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន ឧបត្ថម្ភ ឯកសណ្ឋានជូនប្រជាការពារចំនួន២៥សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០៨គ្រឿង ដល់ប្រជាការពារភូមិចំនួន ០៣ភូមិ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ភូមិ- ឃុំ និងអធិការរងនគរបាលស្រុកស្ទោង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានទៅបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន ២៥សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០៨គ្រឿង ជូនដល់កម្លាំងប្រជាការពារចំនួន ០៣ភូមិ គឺភូមិចំបក់បញ្ញាចំនួន ១២សម្រាប់, ភូមិបវែងចំនួន ០៧សម្រាប់, និងភូមិគោកសណ្តែកចំនួន ០៦សម្រាប់ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ ក្រោយពីបំពាក់ឯកសណ្ឋាន និងប្រគល់វិទ្យុទាក់ទងដៃ ជូនដល់ប្រជាការពាររួចមក លោកបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច អំពីភារកិច្ច និងតួនាទី ដល់ប្រជាការពារដែលត្រូវអនុវត្ត ជៀសវាងខុសពីគោលការណ៍ដែលបានដាក់ចេញ ហើយលោកក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ជ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។
លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ផងដែរថា កន្លងមកលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនឹងសហការី បានបំពាក់ឯកសណ្ឋានចំនួន ១៤៥សម្រាប់ និងវិទ្យុទាក់ទងចំនួន ៤៥គ្រឿង រួចមកហើយ ជូនប្រជាការពារទាំង១៥ភូមិ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជូនបងប្អូនមានប្រសិទ្ធភាពក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៕