(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះបញ្ចប់កិច្ចសន្យាខ្ចីដីក្រុមហ៊ុន ត្រឹង សាន ដែលសព្វថ្ងៃនេះ នៅក្នុងស្រុកសន្ទុក មិនទាន់មានទីតំាងចំណតចតរថយន្តនៅឡើយទេ ហើយរថយន្តចតនៅតាមដងផ្លូវធ្វើឲ្យស្ទះចរាចរណ៍ មានគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាញឹកញាប់ ហើយបងប្អូនអាជីវកម្មលក់ដូរមិនមានរបៀបរៀបរយផងដែរ។
លោកបានបញ្ជាក់ថា សូមក្រុមការងារថ្នាក់ខេត្ត-ស្រុក គោលដៅត្រូវខិតខំរួមគ្នាគិតរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាការបញ្ចប់កិច្ចសន្យាខ្ចីដីរបស់ក្រុមហ៊ុន ត្រឹង សាន លើផ្ទៃដីទំហំ ១២,៦៦២ម៉ែត្រការ៉េ ដែលជាដីទ្រព្យសម្បត្តិរបស់ឃុំ ក្រោមការគ្រប់គ្រងរបស់ស្រុក ជូនក្រុមហ៊ុន ទង់ គឹមឡា តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីវិនិយោគសាងសង់ចំណតរថយន្ត និងស្តង់លក់ទំនិញ បម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រាំពីរមករា ឃុំតំាងក្រសាំង និងភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបានបន្តទៀតថា សូមក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការងារនេះ ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដើម្បីសាងសង់ចំណតរថយន្ត និងស្តង់លក់ទំនិញ ជូនបងប្អូនអាជីវករ មានភាពងាយស្រួលកាត់បន្ថយការស្ទះចរាចរណ៍ និងចរចរណ៍ក្នុងផ្សារមិនមានការកកស្ទះ ទាំងអ្នកលក់ និងអ្នកទិញផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ កែលម្អរភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា) ជាពិសេសត្រូវរួមគ្នាដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕