(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូនមុខសញ្ញាក្រុមចោរឆក់កាបូបតាមដងផ្លូវសាធារណៈចំនួន៣នាក់ ក្នុងនោះម្នាក់មាន ដីកាបង្គាប់ឱ្យចាប់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ តឺយ ពៅ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧២ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ហេង កុសល ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទស្នាក់នៅផ្ទះលេខ២៤ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៣៖ ឈ្មោះ ទៀវ បញ្ញា ហៅបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្តស្នាក់នៅផ្ទះលេខ មិនចាំផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកវរសេនីឯក ប៊ុន សត្យា បញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទីល្ងាចនៅចំណុច ផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបន្តថាក្រោយពីឃាត់ខ្លួនបានយកមកធ្វើការសាកសួរជនសង្ស័យបានសារភាពថាកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់យកកាបូប បានចំនួនតែ២លើកដោយក្នុងនោះបានសម្រេចមួយលើកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦៖៤៥ នាទីដោយឆក់កាបូប យួរដៃពណ៌ប្រផេះពីជនជាតិចិន នៅចំណុច មុខផ្ទះលេខ៧ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានរួមមាន៖ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ចំនួន០១, ប្រាក់ដុល្លារហុងកុង ចំនួន៣៦,០០០, ប្រាកចិនចំនួន១០,០០០, ប្រាក់តៃវ៉ាន់ ចំនួន៤,០០០, កាតATM ចំនួន១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ ចំនួន០១ ផងដែរ៕