(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ» ជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអាជីវករ ទូទាំងខេត្តប៉ៃលិន ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ដែលចូលជាធរមានឱ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅដ៏មុតស្រួច របស់រាជរដ្ឋាភិបាល។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក អឿ សំរិទិ្ធ តំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ, លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន រួមជាមួយលោក លោកស្រី អភិបាលរងក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ/ចៅសង្កាត់ ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអាជីវករជាច្រើននាក់ នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។
ក្នុងឱកាសនោះដែរលោក អឿ សំរិទិ្ធ បានលើកឡើងថា ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជានៅក្នុងខេត្តប៉ៃលិន ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ព្រមទាំងសមិទ្ធផលនានា ដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋនោះ ក្រុមហ៊ុន សហគ្រាសធំតូច នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវចូលរួមសហការជាមួយសាខាពន្ធដារខេត្ត ដើម្បីធ្វើការបង់ពន្ធឱ្យបានត្រឹមត្រូវក្នុងកាតព្វកិច្ចរបស់ខ្លួន សម្រាប់ប្រកបអាជីវកម្ម ផ្សេងៗ ទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យលើកកម្ពស់វិស័យពន្ធដា ក៍ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព។
លោកបានបន្តថា ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ នៅពេលនេះ គឺមានសារៈសំខាន់ណាស់ ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុ សាធា រណៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅបង្កើន ចំណូលថវិកាជាតិ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមានឱ្យស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះសហគ្រាសអ្នកជាប់ពន្ធទាំងអស់ត្រូវចូលរួម និងគាំទ្រការពង្រឹងវប្បធម៌ នៃការបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើនជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះលោក ចេង ញ៉ាន់ ក៏បានជំរុញដល់អង្គភាពជាប់ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់សម្របសម្រួល ក្នុងការបម្រើសេវាសាធាណៈ និងណែនាំប្រជាពលរដ្ឋ ឱ្យយល់ពីការបង់ពន្ធឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងផែនការ ប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ កំពុងខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការកំណែទម្រង់ និងពង្រឹងការអនុវត្តច្បាប់ពន្ធដារ ស្របតាមយុទ្ធសាស្រ្តកៀរគ រកចំណូល ដើម្បីធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរៈកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។
នៅក្នុងឱកាសនោះ លោកក៏បានសំនូមដល់អង្គភាពជាប់ពាក់ព័ន្ធទាំងអស់ត្រូវចងចាំពីអភិក្រមទាំង៥ របស់សម្តេចតេ ជោ សែន គឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ សំដៅធ្វើយ៉ាងណាផ្តល់សេវា ជូនអ្នកជាប់ពន្ធឱ្យបានល្អងាយស្រួលក្នុងការបង់ពន្ធជូន រដ្ឋឱ្យមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវចេះសាមគ្គីសហការ ឯកភាព និងខិតខំបំពេញការងារ ឱ្យបានត្រឹមត្រូវទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួន អោយទទួលបានជោគជ័យ។
សូមបញ្ជាក់ថា បើតាមការធ្វើបទបង្ហាញរបស់ភ្នាក់ងារពន្ធដារ គឺតាមសហគ្រាស ក្រុមហ៊ុនអាជីវករ និងប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវតែមានកាតព្វកិច្ចបងពន្ធជូនរដ្ឋគ្រប់ៗគ្នា ហើយត្រូវប្រកាសស្នើរសុំការចុះបញ្ជីរដោយផ្ទាល់នៅស្នាក់ការសាខាពន្ធដារ ក្នុងខេត្តរបស់ខ្លួនដើម្បីបង់ពន្ធ។
លក្ខខណ្ឌនៃការចុះបញ្ជី រូបថតទំហំ៣៥ គុណ៤៥មីលីម៉ែត្រ១សន្លឹក ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ វិញ្ញាប័ន្នបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬអនុកម្មាធិការវិនិយោគរាជធានី-ខេត្ត អាជ្ញាប័ណ្ណដែលចេញដោយក្រសួង ស្ថាប័ន មានសមត្ថកិច្ច អត្តញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ហើយបើម្ចាស់សហគ្រាស ក្រុមហ៊ុនអាជីវករ និងប្រជាពលរដ្ឋដែលជាប់ពន្ធ ហើយមិនមកប្រកាស់បង់ពន្ធត្រូវទទួលបានពិន័យ៤០% នៃទឹកប្រាក់បង់ពន្ធយឺតនិងបូកបន្ថែមការប្រាក់២%ក្នុង១ខែ បើមិនសុខចិត្ត និងការកំណត់ត្រូវអនុវត្តតាមនីតិវិធី៕