(កំពត)៖ មន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីបំភ្លឺចំពោះព័ត៌មានថា ពលរដ្ឋតំបន់សហគមន៍ឧទ្យានជាតិព្រះមុនីវង្សបូកគោ មិនចង់ឲ្យអាជ្ញាធរដោះដូរដី ផ្ទុយពីអនុក្រឹត្យសម្ដេចតេជោ ហ៊ុន សែន ដែលកំណត់នោះទេ និងសុំការពន្លឿនការចេញប័ណ្ណកម្មសិទិ្ធដីធ្លី។
លិខិតបំភ្លឺដែលអង្គភាព Fresh News ទទួលបានមន្ទីរបរិស្ថាន បានបញ្ជាក់ថា ការលើកឡើងរបស់តំណាងប្រជាពលរដ្ឋ១៣គ្រួសារ គឺជាការប្រឌិត ក្លែងបន្លំ មតិសាធារណៈជនទូទៅ និងបំភ្លៃអត្ថន័យ ខ្លឹមសារអនុក្រឹត្យលេខ១៦៧អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងប៉ះពាល់ដល់កិត្តិយស។
សូមជម្រាបថា ការចេញមកបំភ្លឺរបស់មន្ទីរបរិសា្ថនខេត្តកំពត ធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មិនចង់ឲ្យអាជ្ញាធរខេត្តកំពត ធ្វើការដោះដូរដីនៅតំបន់ពួកគាត់កំពុងរស់នៅ ជាមួយពលរដ្ឋភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូឡើង ព្រោះទីតាំងដីនៅឆ្ងាយពីគ្នា ហើយពួកគាត់ចង់ឲ្យអាជ្ញាធរអនុវត្តតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕