(ភ្នំពេញ)៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក នួន រតនា និងលោកស្រី គឹម ដានី ជាចៅក្រមប្រឹក្សា និងមានលោកស្រី យិន សុគន្ធារី ជាតំណាងមហាអយ្យការ បានបើកសវនាការប្រកាសសាលដីកាចំនួន២សំណុំរឿង ដែលមានជនជាប់ចោទជាមន្ត្រីអតីតយោធាម្នាក់ និងជាអតីតមន្ត្រីក្រុមប្រឹក្សាឃុំ នៅខេត្តកំពតម្នាក់។
សាលដីកាដែលប្រកាសនៅព្រឹកនេះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដូចខាងក្រោម៖
*សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារទាំងអស់ ពីបទ ឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសងសំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន៥០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
*សំណុំរឿងទី២៖ មានចំនួន០៣បទចោទប្រកាន់ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៣ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារ ត្រឹម១ឆ្នាំ៦ខែ ក្នុងពន្ធនាគារទោសនៅសល់ពីនោះព្យួរធម្មតា និងតម្រូវឲ្យសងប្រាក់៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារទៅដើមបណ្តឹងពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ពីបទ ប្រើប្រាស់លិខិតក្លែង និងពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រាមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
មេធាវីតំណាង ជនរងគ្រោះបានឲ្យដឹងថា កូនក្តីរបស់ខ្លួន ពិតជាសប្បាយចិត្តនៅពេលដែលតុលាការសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសក្រុមជនជាប់ចោទដាក់ពន្ធនាគារបន្ថែមបែបនេះ។
ទោះជាយ៉ាងណា ពួកគាត់យល់ថា ការបន្ថែមទោសក្នុងពន្ធនាគារនេះ ហាក់មិនទាន់សមនឹងអំពើដែលក្រុមជនជាប់ចោទបានប្រព្រឹត្តនោះទេ គួរតែតុលាការ ដាក់ឲ្យបានយូរជាងនេះ ដើម្បីកុំឲ្យបុគ្គលមួយចំនួនយកគំរូតាម ជនជាប់ចោទាំង២នាក់នេះ។
គួររំលឹកថា លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញធ្លាប់ បានចេញសាលាក្រម ព្រហ្មទណ្ឌលេខ ១១៩៤ "ម" ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងសាលក្រមព្រហ្មទណ្ឌលេខ ១១៩៥ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង២នាក់ ចំនួន៤បទចោទ នៃ២សំណុំរឿងផ្សេងគ្នា ដោយដាក់គុក២ឆ្នាំ ប៉ុន្តែអនុវត្តត្រឹមតែ៦ខែ ប៉ុណ្ណោះ ទើប ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ សម្រេចប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសាលក្រមរបស់លោកចៅក្រម កូយ សៅ តែម្តង៕