(តាកែវ)៖ លោក សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងក្រុមការងារ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួយអន្តរាគមន៍ ផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបុរីជលសារ ខេត្តតាកែវ ចំនួន៦០០គ្រួសារ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ឆ្នាំនេះកម្ពស់ទឹកបានឡើងខ្ពស់ ជាងឆ្នាំមុន១ម៉ែត្រ នៅក្នុងពេលដូចគ្នាដែលបណ្តាលឲ្យ មានការលិចលង់ផ្ទះសម្បែង និងដំណាំដាំដុះនានារបស់ប្រជាពលរដ្ឋ ដែលលោកបានជំរុញអាជ្ញាធរស្រុក ឃុំ ចុះជួយពលរដ្ ជាប្រចំា និងត្រៀមលក្ខណៈ អន្តរាគមន៍ប្រសិនមានករណីបន្ទាប់ៗ ប៉ុន្ដែប្រជាពលរដ្ឋក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវមើលថែកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
បន្ថែមពីនេះ លោក សួស យ៉ារ៉ា បានលើកឡើងថា ការផ្តល់អំណោយសង្គ្រោះបន្ទាន់នេះ ដែលមានស្បៀង អាហារបម្រុង ថ្នាំពេទ្យ សម្ភារប្រើប្រាស់ប្រចំាថ្ងៃនេះ បានធ្វើឡើង តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា នៅក្រោយការបោះឆ្នោត ទោះបីរដ្ឋសភារាជរដ្ឋាភិបាលថ្មី មិនទាន់កើតឡើងជាផ្លូវការក្តី តែមន្រ្តី ថ្នាក់ដឹកនាំ ស្ថាប័នក្រសួងទំាងអស់ ត្រូវចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជួនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ។
លោក សួស យ៉ារ៉ា បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ដល់ការលំបាករបស់ប្រជាពលរដ្ឋប្រទេសពេលវេលា គ្រប់កាលៈទេសៈ ជាក់ស្ដែងនៅក្នុងអាណត្តិទី៦នេះ នៅស្រុកបុរីជលសារ នឹងទទួលបានផ្លូវបេតុង រហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ជាផ្លូវដែលជាចំណងដៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា បើតាមអាជ្ញាធរមូលដ្ឋាន កម្ពស់ទឹកដែលបានឡើងយ៉ាងគំហុក ប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ស្រូវប្រាំង ដីដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៦២០គ្រួសារ នៅក្នុងស្រុក បុរីជលសារ។ ក្នុងនោះ ពលរដ្ឋ៩គ្រួសារ បានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយពលរដ្ឋទំាង៦២០គ្រួសារ បានមកទទួលអំណោយសង្គ្រោះបន្ទាន់ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរ ជាបន្តបន្ទាប់៕