(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូចូលរួមសន្និសីទអន្តរជាតិលើកទី៣២«ភាពជាអ្នកដឹកនាំ» នាឱកាសនោះដែរ លោកបានជួបសម្ដែង ការគួរសមជាមួយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ហើយក្នុងជំនួបនោះថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ជំរុញឲ្យអ្នកវិនិយោគទុនកូរ៉េ មកវិនិយោគនៅខេត្តកំពង់ស្ពឺផងដែរ។
បើតាមសម្តីរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមប្រព័ន្ធTelegramពីសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា លោកបានជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីរិះរកជំរុញ និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វើការវិនិយោគនៅខេត្តកំពង់ស្ពឺ ឲ្យកាន់តែច្រើនថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងការនាំចេញ ដំណាំស្វាយ និងសាច់មាន់មកកូរ៉េ ។ល។
លោក វ៉ី សំណាង បានឲ្យដឹងថែមទៀតថា លោកក៏បានស្នើឲ្យលោក ឡុង ឌីម៉ង់ ជួយមើលថែពលករដែលចាកចេញពីខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលទៅស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ឲ្យទទួលបានការស្នាក់នៅ និងប្រកបការងារដោយសុវត្តិភាព ទទួលបានភាពកក់ក្តៅផងដែរ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំស្ថាប័ន ទាំងពីរ បានចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងបញ្ជាអង្គភាព ជាមួយនឹងឆន្ទៈ ក្នុងការធ្វើកំណែទម្រង់ ស្ថាប័ន ឆ្លើយតបនឹងតម្រូវការ និងសភាពការណ៍បច្ចុប្បន្នផងដែរ ៕