Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តស្វាយរៀង ណែនាំឲ្យមន្ត្រីរាជការទាំងអស់ ត្រូវបំរើសេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ឲ្យមានតម្លាភាព និងគណនេយ្យភាព

28-08-2018 12:10

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានណែនាំដល់មន្ត្រីរាជការ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ មានតម្លាភាព និងគណនេយ្យភាព។

កាថ្លែងបែបនេះខណៈដែលលោកបានដឹកនាំកិច្ចប្រជុំជម្រុញ ដល់ការផ្តល់សេវារបស់មន្ត្រីនៅច្រកចេញចូលតែមួយខេត្ត ជូនដល់ពលរដ្ឋឱ្យបានល្អប្រសើរ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ពិធីនេះដែលក៏មានមន្ត្រីពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។

លោក រស់ ផារិទ្ធ បានថ្លែងបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ តាមរយៈការធ្វើប្រតិភូកម្ម អំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ជាមួយនិងការផ្ដល់នូវជំនឿទុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃការផ្ដល់សេវាសាធារណៈ ព្រមទាំងជំរុញការកៀងគរចំណូលចូលថវិកាជាតិ និងលុបបំបាត់ការយកកម្រៃសេវាលើសពីច្បាប់កំណត់។

លោកអភិបាលរងខេត្តរូបនេះ ក៏បានធ្វើការជម្រុញដល់ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច របស់ខ្លួនឲ្យបានល្អប្រសើរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ត្រូវមានការសហការ និងសាមគ្គីភាពគ្នារវាងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីអង្គភាពដំណើរការទៅបានដោយរលូន ធានាឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងឆាប់រហ័ស មិនបង្កការកកស្ទះក្នុងការផ្ដល់សេវា។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្នែកសេវាដែលពាក់ព័ន្ធនឹង វិស័យនិងការងារ ទាំង១៤ រួមមាន វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល សូមមកទទួលសេវានៅក្នុងអង្គភាពច្រកចេញតែមួយខេត្ត ហើយលោកក៏បានស្នើដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ មកទទួលសេវាតាមរយៈយន្តការ អង្គភាពច្រកចេញចូលតែមួយខេត្តវិញ ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីអង្គភាពបានបើកឲ្យដំណើរការជាផ្លូវការ បានរយៈពេលជិត២ខែមកនេះ៕