(ភ្នំពេញ)៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានអះអាងថា លោកនឹងយកមតិរិះគន់ក្នុងន័យស្ថាបនាជាតិទៅប្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយផ្ទាល់ តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលអាណត្តិថ្មី។ ជាមួយគ្នានោះប្រធានគណបក្សយុវជន ក៏បានប្រកាសទទួលយកមតិរិះគន់ពីគ្រប់មជ្ឍដ្ឋាន ដែលមិនមែនជាការលាបពណ៌ផងដែរ។
លោក ពេជ្រ ស្រស់ បានលើកឡើង យ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាសឲ្យអ្នកពូកែជេរពូកែរិះគន់លាបពណ៌ ចូលរួមផ្ត ល់មតិតាមរយៈ Comment លើបណ្តាញសង្គម ឬផ្ញើរសារផ្តល់គំនិតល្អៗ ដើម្បីឱ្យខ្ញុំយកទៅប្រាប់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង»។
លោកបានបន្តថា «យើងកុំនៅប៉ូលចាស់ដដែលៗពេក យើងសុំកាន់បន្ថយការជេរនេះមកជាការផ្តល់យោបល់ឆ្ពោះទៅរកការអភិវឌ្ឍ។ ឥឡូវនេះខ្ញុំមានសិទ្ធិមួយនៅថ្ងៃអនាគតផ្តល់យោបល់ដល់រាជរដ្ឋាភិបាល»។
សូមជម្រាប ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»។
«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕