(កំពង់ចាម)៖ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស កាកបាទក្រហមសាខាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន២,៣៤០គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លន់ លឹមថៃ ទីប្រឹក្សារាជរដ្ឋាភិបាល, លោក ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា, លោក គួច ចំរើន អភិបាលខេត្ត, លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ព្រមទាំងលោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ណេង ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ «ស្អាត៣យ៉ាង គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត» និងសូមមើលថែ ចាស់ជរា ជនពិការ និងកូនតូចៗឲ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ នៅពេលគេងត្រូវដាក់មុងការពារកុំឲ្យមូសខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ប្រសិនបើមានបញ្ហាសុខភាព សូមប្រញាប់ទៅមណ្ឌលសុខភាពឲ្យបានឆាប់ ហើយសូមប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញ នៅពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរវិញ។
ប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា តាមរយៈលោក ហ៊ុន ណេង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខ និងចែករំលែកនូវក្ដីស្រលាញ់មួយនេះ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិ សាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕