(ព្រៃវែង)៖ ក្រោយពីទទួលរងនូវការជេរប្រមាថ បម្រុងដោះស្បង់ជីវរព្រះអង្គ រហូតដល់ព្រមានចាប់ដាក់គុកពីសំណាក់ក្រុមគ្រួសារលោក ប៉ែន សារ៉ាត់ ដែលខាងព្រះសង្ឃមានដីកាថា មានតួនាទីជាព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ផងនោះ បានធ្វើឲ្យព្រះតេជគុណ ឈាង ផល្លី ព្រះចៅអធិការវត្តពោធិដ្ឋាន និងគណៈកម្មការវត្ត ស្ថិតនៅភូមិថ្លាវ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងប្រធានតុលាការខេត្ត ដើម្បីរកយុត្តិធម៌។
តាមដំណើររឿងដែលនាំឲ្យព្រះចៅអធិការវត្ត និងគណៈកម្មការវត្តប្តឹងក្រុមគ្រួសារលោក ប៉ែន សារ៉ាត់ ខាងលើនេះ ដោយសារតែខាងវត្ត បានវាយរុះរើចេតីយ៍មួយរបស់គ្រួសារលោកព្រះរាជអាជ្ញាចោល ក៏ព្រោះតែដើម្បីកសាងឧបដ្ឋានសាលាថ្មី។ ចេតីយ៍នេះមានសភាពចាស់ទ្រុឌទ្រោម និងស្ថិតចំកណ្តាលទីធ្លាវត្ត ដែលត្រូវសាងសង់ឧបដ្ឋានសាលាថ្មី។ ការវាយរុះរើចេតីយ៍នេះ ខាងព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត មិនបានធ្វើដោយចិត្តឯងនោះទេ គឺខាងវត្តបានជូនដំណឹងដល់ក្រុមគ្រួសារលោក ប៉ែន សារ៉ាត់ រយៈពេល២ឆ្នាំហើយ ប៉ុន្តែលោក ប៉ែន សារ៉ាត់ និងគ្រួសារមិនព្រមចូលរួមសហការ ហើយផ្តល់ចម្លើយនោះទេ ទើបខាងវត្តសម្រេចវាយចោលតែម្តង។
សេចក្តីជូនដំណឹងរបស់ព្រះចៅអធិការវត្តពោធិដ្ឋាន និងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានដាក់ជូនម្ចាស់ចេតីយ៍ពីរដងហើយ រយៈពេលពីរឆ្នាំ ដើម្បីសូមធ្វើការរុះរើចេតីយ៍ចាស់ ដែលមានសភាពទ្រុឌទ្រោម និងប្តូរទីតាំងរកកន្លែងថ្មី ដើម្បីយកទីតាំងចាស់នេះ សង់ឧបដ្ឋានសាលា ប៉ុន្តែត្រូវបានម្ចាស់ចេតីយ៍មកជេរប្រមាថ និងប្តឹងរកចាប់ដាក់គុក ក្រោយពីគណៈកម្មការវត្ត សម្រេចវាយកម្ទេច។
ក្រោយពីវាយកម្ទេចកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦កន្លងមក ក្រុមគ្រួសារម្ចាស់ចេតីយ៍ បានប្តឹងចៅអធិការវត្តពោធិដ្ឋាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ប្រឆាំងនឹងចៅអធិការវត្តព្រះនាម ឈាង ផល្លី ព្រមទាំងគណៈកម្មការវត្ត ពីបទធ្វើឲ្យខូចខាតដោយចេតនា នូវបូជនីយដ្ឋានសាសនាប្រមាថទីបញ្ចុះសព ស្ថិតនៅចំណុចវត្តពោធិដ្ឋាន ភូមិថ្លាវ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ព្រះតេជគុណ ឈាង ផល្លី ក៏ត្រូវម្ចាស់ចេតីយ៍លោក ប៉ែន សារ៉ាត់ អ្នកស្រី ប៉ែន ដារ៉ា លោក ប៉ែន សារ៉ាន់ លោក ប៉ែន រីមយ៉ា លោក សួន ស្រេង នាំគ្នាប្រើអំណាចជាព្រះរាជអាជ្ញា ជាមន្រ្តីរាជការ មកជេរប្រមាថ គំរាមគំហែង បំរុងចាប់ព្រះអង្គដាក់ក្រចកជើងសេះ និងដៀលថា ព្រះសង្ឃ មេភូមិ ពុទ្ធបរិស័ទថា ពួកអាពត ខ្មែរក្រហម សព្វបែបយ៉ាង។ ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត សូមអំពាវនាវឲ្យថ្នាក់ដឹកនាំ ជូយរកយុត្តិធម៌ជូនពុទ្ធបរិស័ទទាំងអស់គ្នាផង។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនអាចស្វែងរកការបកស្រាយណាមួយពីលោក ប៉ែន សារ៉ាត់ និងក្រុមគ្រួសារបានទេដើម្បីបកស្រាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ៕