(បាងកក)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបាន ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិនថន ប្រទានសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដោយផ្អែកតាមសេចក្តីសម្រេចជាឯកច្ឆន្ទ របស់ក្រុមប្រឹក្សានាយកនៃ សាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ដោយបានពិនិត្យ និងទទួលស្គាល់នូវគុណតម្លៃប្រកបដោយឆន្ទៈខ្ពស់ ក្នុងការសម្រេចឱ្យមានសមិទ្ធផល និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន រួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបែងចែកផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន។
រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បណ្ឌិត ថោង ខុន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ព្រមជាមួយនឹងការផ្តល់បណ្ឌិតកិត្តិយសចំនួន០៥រូបផ្សេងទៀត លើជំនាញវិស្វកម្មឧស្សាហកម្ម អប់រំ គ្រប់គ្រង និងសិល្បៈរចនាលម្អ ស្របពេលនឹងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា សថាន់យ៉ាបុរី ក្រោមព្រះរាជអធិបតីភាពរបស់មហាក្សត្រីមហាចក្រីសីរិនថន និងមានការចូលរួមពីសំណាក់មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត សរុបប្រមាណ៦០០០នាក់។
សមិទ្ធិផល និងវឌ្ឍនភាពគួរជាទីមោទនៈនៃវិស័យទេសចរណ៍កម្ពុជា ពិតណាស់គឺពិតជាបានកើតចេញមកពីការដឹកនាំដ៏ឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យជារួម និងដោយឡែកគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយ ស្របជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយទេសចរណ៍សកល និងតំបន់ ព្រមជាមួយ ការចូលរួមគាំទ្រ សហការ និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់មន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលជាសកលវិទ្យាល័យមួយក្នុងចំណោម សកលវិទ្យាល័យ០៩កន្លែងទូទាំងប្រទេសថៃ (០៥សាកលវិទ្យាល័យនៅក្រុងបាងកក និង០៤កន្លែងទៀតនៅបណ្តាខេត្ត) ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់របស់មហាក្សត្រីផ្ទាល់៕