(កំពង់ធំ)៖ លោកវរសេនីយ៍ទោ យ៉េត ហុន អាយុ៦៤ឆ្នាំ ជាអតីតមេបញ្ជាការផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម ចាត់ឲ្យសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ សាងសង់ផ្ទះថ្មីមួយខ្នងជូនគាត់នៅភូមិស៊ីវុត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រោះកន្លងមកគាត់គ្មានកន្លែងស្នាក់នៅដោយរស់នៅក្នុងអង្គភាព ដែលធ្វើឲ្យលោកមានជីវភាពកាន់តែធូរធា។
ក្រោយទទួលបានផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេលជិតមួយឆ្នាំកន្លងមក នៅលើផ្ទៃដីទំហំ២,១៥០ម៉ែត្រការ៉េ ដែលបានទិញពីប្រជាពលរដ្ឋក្រោយទទួលបានប្រាក់គោលនយោបាយចេញពីជួរកងទ័ព លោក យ៉េត ហុន និងភរិយា បានខិតខំដាំបន្លែបង្ការផ្សេងៗ ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គ្រួសារ បានល្អប្រសើរ រួមជាមួយប្រាក់បៀវត្សរ៍ប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ជូនគាត់ក្នុងមួយខែៗចំនួន១,៧៩០,០០០ រៀលផងដែរ។
ដើម្បីជាការលើកទឹកចិត្ត ដល់អតីតថ្នាក់ដឹកនាំអង្គភាព ដែលស្ទើរតែមួយជីវិត ស្ថិតនៅក្នុងជីវភាពជាកងទ័ព ជាក់ស្តែងនៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការីទៅជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបានផ្តល់ជូនគាត់ផងដែរនូវ អង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុង០១យួរ និងថវិកាចំនួន១០០,០០០រៀល។
ក្នុងឱកាសនោះដែរ លោក យ៉េត ហុន និងក្រុមគ្រួសារ មានក្តីរំភើបយ៉ាងក្រៃលែង ដែលជានិច្ចកាលសម្តេច តែងតែគិតគូរដល់បងប្អូនអតីតយុទ្ធជន ជាពិសេសគឺរូបគាត់ផ្ទាល់ និងសូមគោរពថ្លែង អំណរគុណចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន៕