(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានសហការគ្នាចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋានជាប់ជាប្រចាំ ហើយក្នុងពេលប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យជនជាតិចិន ៣នាក់ (២ករណីផ្សេងគ្នា) ដោយដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន។

សមត្ថកិច្ច បានឱ្យដឹងថា ករណីទី១ ធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ នៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ ដោយឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀននៅក្នុងរថយន្ត។

ជនសង្ស័យឈ្មោះ​ ១-ឈ្មោះ YANG REN CHEN អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​។ ២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរ និងជាអ្នករួមដំណើរ​ជាមួយឈ្មោះ YANG REN CHEN កាន់លិខិតឆ្លងដែនលេខ G61047083​ មានសុពលភាព 05.04.2022​ ទិដ្ឋកាលេខ EI 01596117​ មានសុពលភាព 21.02.2019។

វត្ថុតាងដកហូតបានម្សៅក្រាមពណ៌សង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ (១កញ្ចប់ធំ និង ៤២កញ្ចប់តូច​) បំពង់សឺរ៉ាងមានពណ៌ក្រហមចំនួន១៤ ទូរស័ព្ទ១គ្រឿង រថយន្ត១គ្រឿង ម៉ាក LEXUS 330។

សមត្ថកិច្ច ករណីទី២ ធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបររកស៊ីកម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិននោះ នៅពេលដែលរូបគេបានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦.០៨.១៨) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ដោយមានការសង្ស័យ​ក៏បានឃាត់ខ្លួន នាំទៅឆែកឆេររថយន្តរបស់គាត់រកឃើញ និងដកហូតវត្ថុតាង រួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់តូច។
២-កាហ្វេចំនួន២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន។
៣-ជញ្ជីងថ្លឹងចំនួន១។
៤-ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

ករណីទាំងពីរខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕