(ហ្សាកាតា-ប៉ាឡាំបាំង)៖ ជូនពរអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយជូនជាតិបន្ថែម! អត្តពលិកកម្ពុជា ៣ប្រភេទកីឡា នឹងបន្ដការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីថ្ងៃនេះ រួមមានកីឡាទូកក្ដោង អត្តពលកកម្ម ហើយពិសេស គឺកីឡាសូហ្វតេន្នីស ដែលត្រូវចាប់ផ្ដើមការប្រកួតថ្ងៃដំបូងរបស់ខ្លួន ស្របពេលកីឡានេះ ត្រូវបានថ្នាក់ដឹកនាំដាក់ការរំពឹងខ្ពស់ ក្នុងការដណ្ដើមមេដាយមាសបន្ថែម ។
កីឡាសូហ្វតេន្នីស នឹងត្រូវប្រកួតមុនគេ នាវេលាម៉ោង ៩៖០៥នាទីព្រឹក នៅទីលាន JSC Tennis Court នាទីក្រុង Palembang ដោយមានកីឡាករ ២រូបត្រូវប្រកួតលើវិញ្ញាសាឯកត្តជនដូចគ្នា រួមមានកីឡាករ ឌឹម សំសុជាភារុណ និងកីឡាករ កាន់ សោភណ្ឌ ។ ឯកីឡាអត្តពលកកម្ម កម្ពុជាមានកីឡាករ ប៉ែន សុគង់ ម្នាក់ត្រូវប្រកួតលើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ នៅទីក្រុងហ្សាកាតា ។ ចំណែកកីឡាទូកក្ដោងមានកីឡាករ ៣នាក់ប្រកួត គឺ ឌុច ប៊ុនធឿន, សូត្រ មេសា និងញ៉ូវ ចាន់ ដែលនឹងប្រកួតនាម៉ោង ១២៖០៥នាទីរសៀល នៅតំបន់ឆ្នេរ Ancol Marina ទីក្រុងហ្សាកាតា ។
ប៉ុន្ដែក្នុងចំណោមអត្តពលិកខាងលើ ថ្នាក់ដឹកនាំកម្ពុជា មានការរំពឹងខ្ពស់លើកីឡាសូហ្វតេន្នីស ទោះបីកីឡានេះ ទើបចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះក៏ដោយ ។ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំជឿជាក់លើកីឡាសូហ្វតេន្នីស ដោយសារក្នុងរយៈពេលដ៏ខ្លី ពួកគេបានកសាងស្នាដៃធំៗជាច្រើន ទាំងការប្រកួតកម្រិតអាស៊ី និងពិភពលោក ហើយបច្ចុប្បន្នកីឡាសូហ្វតេន្នីកម្ពុជា កំពុងឈរចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោកទៀតផង ។ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំសង្ឃឹមថា ពួកគេនឹងបន្ដធ្វើបានល្អ ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយ ពីការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ ។
គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ កម្ពុជាកំពុងឈរលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេស បន្ទាប់ពីដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត និងកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ។ ប៉ុន្ដែនេះជាសមិទ្ធិផលបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងឆ្នាំតែមួយ ។ ដូច្នេះបើសិនសូហ្វតេន្នីស ឬកីឡាផ្សេងៗ អាចដណ្ដើមបានមេដាយមាសបន្ថែម មានន័យថា កម្ពុជាទទួលបានជោគជ័យកាន់តែអស្ចារ្យ សម្រាប់បេសកកម្មឆ្នាំ២០១៨ នេះ៕