(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី២៧ ខែសីហានេះ បានឲ្យដឹងថា ការដោះលែងលោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត (ទាំងអស់១៤នាក់) ត្រូវធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះតែម្តង។
មន្រ្តីជាន់ខ្ពស់តុលាការបានបញ្ជាក់ថា ការដែលមិនទាន់ដោះលែងអ្នកទាំង១៤នាក់នៅវេលាម៉ោង៩៖៣០នាទីយប់នោះ គឺដោយសារហេតុផលសន្តិសុខ, មានមនុស្សយ៉ាងច្រើន នៅខាងមុខពន្ធនាគារ ដូច្នេះការដោះលែងត្រូវពន្យាពេលដល់ពេលនេះ (ម៉ោងប្រមាណ១២យប់) ហើយអ្នកទាំងអស់គ្នា នឹងត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញដឹកជញ្ជូនទៅកាន់គេហដ្ឋានតែម្តង ដោយសារការពារសុវត្ថិភាព។
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ៕