(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «សុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត និងនិន្នាការឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត» ។

ក្នុងសិក្ខាសាលនោះ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា នាពេលបច្ចុប្បន្ន និងនិន្នាការថ្មី ដែលយើងទាំងអស់គ្នានឹងជួបធ្វើការជាមួយដូចជា៖ មនុស្សយន្ត (Robots), ឧបករណ៍កំណត់សញ្ញា (Sensors), ការងារវិជ្ជសាស្រ្ត (Medical), អ៊ីនធឺណិត (Internet), ស្មាតហ្វូន (Phones), រថយន្ត (Cars), សិប្បនិម្មិតវៃឆ្លាត (Artificial Intelligence)។

ទាក់ទងនិងប្រធានបទ សុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត និងនិន្នាការឧក្រិដ្ឋកម្មតាមប្រព័ន្ធ អ៊ីនធឺណិត នេះដែរលោកបណ្ឌិតក៏បាន និយាយអំពី Internet of Things (IoT) ដែលរាល់ឧបករណ៍អេឡិចត្រូនិកទាំងអស់ និងភ្ជាប់ទៅកាន់ Internet ទាំងអស់ រាប់បញ្ចូល TV- ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ូតូ ឡាន និងជាពិសេសទូរស័ព្ទជាដើម ដូចនេះអ្នកប្រើប្រាស់ទាំងអស់ត្រូវតែអភិវឌ្ឍន៍ និងសម្របខ្លួនអោយទាន់ការផ្លាស់ប្តូរនេះ។

លោក លី វណ្ឌី ប្រធានគ្រប់គ្រងផ្នែកសន្តិសុខព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងជាស្ថាបនិក សម្ព័ន្ធភាពអ្នកសន្តិសុខប្រព័ន្ធព័ត៌មាន បានចែកបទពិសោធន៍ការងារអនុវត្តន៍កន្លងមក អំពីផ្នែកសន្តិសុខព័ត៌មាន ដែលជាការពិត លោកបញ្ជាក់ថា អ្នកប្រើប្រាស់ បានទទួលផលប៉ះពាល់រួចស្រេចទៅហើយ រហូតដល់កម្រិតក្រុមហ៊ុនធំៗជាដើម ជាក់ស្តែងកន្លងទៅយើងបានលឺ នឹងបានទទួលផលប៉ះពាល់ តាមរយៈការរំខានផ្សេងៗនៃប្រភេទមេរោគកុំព្យូទ័រ និងការប្តឹងផ្តល់ជាច្រើនករណី តាមរយៈសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកពីការលួចបន្លំព័ត៌មាន ការលួចយកគណនីអ្នកប្រើប្រាស់ ការលួចប្រើប្រាស់ហិរញ្ញវត្ថុ ការធ្វើភេរវកម្មតាមបច្ចេកវិទ្យាលព័ត៌មានវិទ្យា IT ជាដើម។

ជាក់ស្តែងចុងឆ្នាំ២០១៧កន្លងទៅនេះ មេរោគ WanaCry បានចូលទៅ Data Centre មួយចំនួននៅក្នុងស្រុកបានធ្វើការបំលែង (Encrypt) ទិន្នន័យមិនអាចអោយប្រើបាន ដើម្បីជាថ្នូរនិងការដោះដូរជាប្រាក់ សម្រាប់ការប្រគល់ឲ្យទិន្នន័យដើមវិញ(Decript)។ លោកបញ្ជាក់ជាបឋមថាអ្នកប្រើប្រាស់ទាំងអស់ ត្រូវពិនិត្យប្រភពទិន្នន័យអោយបានច្បាស់លាស់ជាមុន។ មុននឹងធ្វើសកម្មភាពឆ្លើយតបទៅវិញ តាមរយៈការប្រើប្រាស់គ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិកទាំងអស់នោះ ដើម្បីជៀសវាងទទួលរងគ្រោះពី Hacker សំខាន់ទៀតនោះអ្នកប្រើប្រាស់ទាំងអស់ ត្រូវយល់មូលដ្ឋានចំណេះដឹងបឋម អំពីសុវត្ថិភាពប្រើអ៊ីធឺណិតនេះ។

សូមបញ្ជាក់ថា និស្សិតឯកទេសកុំព្យូទ័រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ថ្មីៗបានទទួលជោគជ័យធំៗ ដោយនិស្សិត២រូបបានទទួលជយលាភីថ្នាក់ជាតិ ១នាក់ផ្នែក Cybersecurity ដែលនឹងទៅចូលរួមប្រកួតនៅប្រទេសសិង្ហបុរី នាថ្ងៃទី១៨ ខែកញ្ញា ២០១៨ ខាងមុខនេះ និងម្នាក់ទៀត ជាប់ជាបេក្ខជនថ្នាក់ជាតិ Cambodia Skills ផងដែរ លើជំនាញរចនាក្រាហ្វិកកុំព្យូទ័រ ហើយដែលបានទៅចូលរួមប្រកួតអន្តរជាតិ Asian Sills 2018 នៅទីក្រុងបាងកក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨៕