(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានរៀបចំសន្និបាទបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក ផាន់ វណ្ណសិទ្ធិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងដោយបានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក លឹម សួស្តី អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ បានអាននូវរបាយការណ៍ បូកសរុបការងារបោះឆ្នោត ក្នុងខេត្តរួចមកអង្គសន្តិបាត ក៏បានដកពិសោធន៍លើភាពចន្លោះប្រហោងខ្លះៗ ដើម្បីជាទុនសម្រាប់ការរៀបចំបោះឆ្នោត នៅពេលក្រោយៗទៀត ក្នុងគោលបំណងប្រមូលធាតុចូល តាមរយៈការដាក់ឲ្យពិភាក្សារួមគ្នា បានស្វែងរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមផ្សេងៗ ដែលជួបប្រទះ ក្នុងពេលកំពុងប្រតិបត្តិ លើការងារបោះឆ្នោត។

លោកស្រី ម៉ែន ផល្លី និងលោក ផាន់ វណ្ណសិទ្ធិ បានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ពោលគឺប្រជាពលរដ្ឋបានទៅបោះឆ្នោត មានចំនួន២២២,៥៨៤នាក់ ស្នើនឹង៨៦,៩០% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន២៥៦,១៤៥នាក់ នេះបង្ហាញពីឆន្ទះនយោបាយរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដោយគ្មានការគម្រាមកំហែង គ្មានការគាបសង្កត ឬអំពើហឹង្សា។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំង១៣ ក្នុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ដែលប្រើប្រាស់តួនាទីរៀងៗខ្លួនមិនរំខាន និងមិនបង្កការរាំងស្ទះណាមួយ ដល់កិច្ចដំណើរការបោះឆ្នោត ព្រមទាំងបានបង្ហាញពីភាពចាស់ទុំ របស់គណបក្សនយោបាយទាំងអស់ ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ត្រឹមត្រូវតាមច្បាប់ និងបទបញ្ជា នៃការបោះឆ្នោនៅកម្ពុជា។

នាឱកាសនោះ ក៏មានពិធីប្រគល់ប័ណ្ណសសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមានសមត្ថកិច្ច មន្ត្រីរដ្ឋបាលស្រុក-ក្រុង-ឃុំ សង្កាត់ ដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឲ្យដំណើរការល្អប្រសើរ ជាបទពិសោធន៍នាពេលខាងមុខ៕