(ភ្នំពេញ)៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ដែលទើបចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយ៖
១៖ ការស្រង់ និងលុបឈ្មោះ អ្នកបោះឆ្នោតរួមមាន៖
* អ្នកដែលទទួលមរណភាព
* អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
* អ្នកដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចេញពីឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។
២៖ ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាម៉ីខ្លួន ដោយមានឯកសារសំអាងត្រឹមត្រូវ។
៣៖ ការចុះឈ្មោះបោះឆ្នោតសំដៅលើ៖
* ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
* ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
* ប្រជាពលរដ្ឋដែលទើបបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ដែលត្រូវចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត។
បើតាមអគ្គលេខាធិការរងរូបនេះ បន្ទាប់ពីទទួលបានទិន្នន័យអំពីការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំជាបញ្ជីបោះឆ្នោតដំបូង ដើម្បីឲ្យប្តឹងតវ៉ា ឬប្តឹងជំទាស់ ហើយពេលបញ្ចប់ការដោះស្រាយបណ្តឹង គ.ជ.ប នឹងផ្តល់សុពលភាព ជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨៕