(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមាន កម្លាំងនគរបាលខេត្ត, ខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ដោយរឹបអូសបានវត្ថុតាង បានមួយចំនួនធំ និងចាក់លែងកូនត្រីជាង៥០០គីឡូក្រាម ចូលបឹងវិញ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការទី១៖ ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានបញ្ជា អធិការនគរបាលស្រុកស្រីសន្ធរ សហការជាមួយអាជ្ញាធរឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ បានចុះបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ជាលទ្ធផល លូស្បៃមុងចំនួន៦មាត់, របាំងព្រួល ប្រវែង២០០ម៉ែត្រ និងប្រលែងកូនត្រីចម្រុះ ចំនួន៦គីឡូក្រាម។ ចំពោះសម្ភារ និងវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំយ៉ាម ដើម្បីរងចាំបទបញ្ជាចាត់ការបន្ត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការទី២៖ លោកបានបញ្ជា អធិការនគរបាលស្រុកស្ទឹងត្រង់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមកោះស្នា, ខ្ពបតាងួន និងប្រធានសហគមន៍នេសាទ ពាមកោះស្នា, ខ្ពបតាងួន បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងត្រពាំងជ្រៃ និងចំណុចបឹងសោម ស្ថិតក្នុងឃុំពាមកោះស្នា និងនៅចំណុចឃុំខ្ពបតាងួន។ សរុបលទ្ធផល ទាំងពីរឃុំ ដកហូតបាន លបស្បៃមុង ចំនួន១៩មាត់, ព្រួលស្បៃមុងប្រវែង៧៧៥ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ចំនួន៣១៣គីឡូក្រាម។ ចំពោះសម្ភារ វត្ថុតាងបានធ្វើការដុតបំផ្លាញចោលនៅនិងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជ្ញអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម។
សម្រាប់ប្រតិបត្តិការទី៣៖ លោកបានបញ្ជាអធិការនគរបាលស្រុកកងមាស សហការជាមួយ ខណ្ឌរដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស ជាលទ្ធផល ដកហូតបាន លូស្បៃមុង ចំនួន៨៣មាត់, របាំងព្រួល ប្រវែង៤,១៥០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន២០៧គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាងទាំងអស់ បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម៕