(ញូដេលី)៖ យន្ដហោះប្រើប្រាស់ថាមពលជីវៈឥន្ធនៈ ដំបូងគេរបស់ប្រទេសឥណ្ឌា បានធ្វើតេស្ដហោះហើរសាកល្បងជាផ្លូវការហើយនៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
យន្ដហោះ ៧២កៅអី និងមានលេខសម្គាល់ Q400 ដែលដើរថាមពលជីវៈឥន្ធនៈ បានហោះហើរសាកល្បងចេញពីអាកាសយានដ្ឋាន ចូលលីហ្គ្រេន (Jolly Grant) ក្នុងទីក្រុងដេរ៉ាឌុន (Dehradun) នៃរដ្ឋយូតតារ៉ាខាន់ (Uttarakhand) ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ ប៉ុន្តែការហោះហើរសាកល្បងមិនមានអ្នក ដំណើរជិះនៅលើយន្ដហោះនេះទេ ពោលគឺមានតែក្រុមមន្ត្រីអាកាសយាននិកប៉ុណ្ណោះ។
ចំណែកឯថាមជីវៈឥន្ធនៈសម្រាប់ការហោះហើរសាកល្បង របស់យន្ដហោះ Q400 ត្រូវអភិវឌ្ឍឡើងដោយវិទ្យាស្ថានរដ្ឋឥន្ធនៈ និងកាកសំណល់កសិកម្មមានមូលដ្ឋាន នៅក្នុងទីក្រុង Dehradun។ បន្ថែមពីលើនេះ បើសិនជាការធ្វើតេស្ដនេះទទួលជោគជ័យ ឥណ្ឌានឹងចូលរួមក្នុងក្រុមនៃប្រជាជាតិជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរក្នុងនាមជាប្រទេស មានការប្រើប្រាស់ជីវៈឥន្ធនៈក្នុងវិស័យអាកាសចរណ៍។
គួរបញ្ជាក់ថា ជើងហោះហើរប្រើប្រាស់ថាមពលជីវៈឥន្ធនៈបែបនេះ ត្រូវបានប្រតិបត្តិជាលើកដំបូងដោយ ក្រុមហ៊ុនវើជីនអាត្លង់ទិក (Virgin Atlantic Airlines) ក្នុងជើងហោះហើរភ្ជាប់ពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ទៅកាន់ទីក្រុង អាំស្ទើរដាំ (Amsterdam) ប្រទេសហូងឡង់កាលពីជាង ១០ឆ្នាំមុន៕