(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍ស្ដីពីស្ថិតិភ្ញៀវទេសចរឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ (កើនឡើង១២.៧%) បានចូលមកទស្សនាកម្ពុជា ខណៈភ្ញៀវទេសចរជាតិជិត ១លាននាក់ (កើនឡើង ១៤.៥%) ក៏បានចេញទៅក្រៅប្រទេសផងដែរ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងឆមាសទី១ ដើមឆ្នាំ២០១៨ មានចំនួន ៣,០០១,៦៦០នាក់ កើនឡើង ១២.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះរួមមាន៖

១៖ ចូលតាមអាកាសមានចំនួន ២,០០៤,១២៣នាក់ ក្នុងនោះច្រកភ្នំពេញ ៩២៧,៥៤២នាក់, ច្រកសៀមរាប ១,០០៦,៥០៤នាក់ និងច្រកកងកេង ៧០,០៧៧នាក់។
២៖ ចូលតាមផ្លូវគោកមានចំនួន ៩១៨,៦០៩នាក់។
៣៖ ចូលតាមផ្លូវទឹកមានចំនួន ៧៨,៩២៨នាក់។

ក្រសួងបានបន្តថា ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ដូចគ្នា កម្ពុជាក៏ទទួលបានទេសចរជាតិចំនួន ៧១,៩៥៧នាក់ផងដែរ ក្នុងកំណើន ៤១​.៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ ជាមួយគ្នានោះ ទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ៩៦៤,២៧៦នាក់ កើនឡើង ១៤.៥%៕