(ភ្នំពេញ)៖ ទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ, នាព្រឹកទី២៧ ខែសីហា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហា ជូនបងប្អូនប្រជាកសិករ ឲ្យបានទាន់ពេលវេលា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំផ្ទៃរបស់ក្រសួងកសិកម្មខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន៤រួមមាន៖
ទី១៖ បូកសរុបផលប៉ះពាល់លើដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ពិសេសដំណាំ ស្រូវ និងសត្វពាហនៈ ដែលត្រូវបានទទួលរងការខូចខាតដោយគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) នៅតាមបណ្តាខេត្ត ដែលទទួលរងគ្រោះ។
ទី២៖ រៀបចំផែនការសកម្មភាព ចុះអន្តរាគមន៍ជាបន្ទាន់តាមការចាំបាច់ ដើម្បីធ្វើការស្តារឡើងវិញ នៃការខូចខាត។
ទី៣៖ សិក្សាពីតម្រូវការ ចំបាច់របស់ប្រជាកសិករ និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រសួងដូចជាស្រូវពូជ គ្រាប់ពូជដំណាំគ្រប់ប្រភេទ និងថ្នាំការពារជំងឺឆ្លងសត្វ។
ទី៤៖ ការដាក់ចេញនូវវិធានការ មួយចំនួនដែលត្រូវធ្វើដោយ កាត់បន្ថយឲ្យបានជាអតិបរមា ក្នុងការអង្គុយបក់ផ្សែង។
ជាមួយគ្នានោះ ក្រសួងក៏បានធ្វើការបូកសរុបរបាយការណ៍ជាបន្ទាន់ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ រួចស្នើសុំវិធានការដោះស្រាយបញ្ហា ជូនបងប្អូនប្រជាកសិករ ឲ្យបានទាន់ពេលវេលា ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក ប្រធានមន្ទីរនៃខេត្ត ដែលទទួលរងផលប៉ះពាល់ទាំង១៦ខេត្ត លោកប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀត៕