(ភ្នំពេញ)៖ លោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី អៀង ឬទ្ធា បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់ទារក, ទារិកា, កុមារា, កុមារី, យុវនារីភ្លោះចំនួន១៥គ្រួសារ នៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះជួបសំណេះសំណាល ផ្ដល់អំណោយដល់កូនភ្លោះចំនួន១៥គ្រួសារនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ។
លោកស្រី អៀង ប្ញទ្ធា ប៊ុន សំបូរ បានថ្លែងថា «អស់រយៈកាល១៥ឆ្នាំកន្លងទៅនេះ ក្រុមគ្រួសារខ្ញុំបានជួយឧបត្ថម្ភ ដល់បណ្ដាស្ដ្រីដែលសម្រាលបានកូនភ្លោះ នៅទូទាំងសង្កាត់បឹងធំ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គិតត្រឹមជួយក្នុងពេលដែលពួកគាត់ជួបការលំបាក ព្រោះខ្ញុំធ្លាប់ឆ្លង់កាត់និងដឹងពីការលំបាក ចំពោះគ្រួសារដែលសម្រាលកូនភ្លោះ ព្រោះខ្ញុំក៏ធ្លាប់មានកូនភ្លោះដូចគ្នាដែរ»។
លោកស្រីបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅទូទាំងសង្កាត់បឹងធំ បានទទួលការឧបត្ថម្ភចំនួន១៥គ្រួសារ និងមានកូនៗភ្លោះមួយចំនួនធំពេញរូបពេញរាង និងបានចូលសិក្សាក្នុងអនុវិទ្យាល័យផងដែរ។
ក្នុងនោះដែរលោកស្រី និងក្រុមគ្រួសារ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានឃើញកូនៗភ្លោះទាំងអស់មានសុខភាពល្អ និងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ ពីឪពុកម្តាយបានយ៉ាងល្អ។
លោក ប៊ុន សំបូរ ក៏បានជូនពរឲ្យកូនភ្លោះទាំង១៥គ្រួសារ ទទួលបានសេចក្តីសុខ សុខភាពល្អ និងបានជម្រាបដល់មាតា-បិតា ឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាអនាម័យ បញ្ហាសុខភាព និងស្នើឲ្យមានមាតា-បិតាទាំងអស់ បញ្ជូនកូនទៅចាក់វ៉ាក់សាំង ការពារជំងឺនានាឲ្យបានគ្រប់គ្នា។
សូមជម្រាបថា អំណោយរបស់លោក ប៊ុន សំបូរ និងលោកស្រី ដែលបានយកទៅជូនក្រុមគ្រួសារកូនភ្លោះទាំង១៥គ្រួសារនោះរួមមាន៖ ១គ្រួសារទទួលបានថវិការ២៤ម៉ឺនរៀល, ក្រម៉ា១, ភួយ១, សារុង២ ហើយសមាជិកភូមិជានារីចំនួន២០នាក់ ដែលបានចូលរួមក្នុងពិធីនោះ ក៏ទទួលបានដែរ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុង១ផងដែរ៕