(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្តនៅអាណត្តិក្រោយៗទៀត។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីតំណាងគណបក្សទាំង១៩ ដែលមានសមាជិកសមាជិកា ចូលរួមជាង៤០០នាក់។
លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងពីមោទនភាពចំពោះលទ្ធផលល្អប្រសើរ នៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ សំរាប់ការបោះឆ្នោតកន្លងមកនេះ។
លោក លុន ឆេងកៃ បានថ្លែងថា «ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវ នៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតម្លៃទៅលើភាពត្រឹមត្រូវ នៃការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោត ទាំងក្នុងក្របខណ្ឌបច្ចេកទេសទាំងក្នុងក្របខណ្ឌច្បាប់ គ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត។ សន្តិបាតថ្ងៃនេះ ក៏ជាការដកពិសោធន៍លើភាពចន្លោះប្រហោងខ្លះៗ ជៀសមិនផុតក្នុងការរៀបចំ ការបោះឆ្នោត ដើម្បីជាមូលដ្ឋានសំរាប់ការរៀបចំការបោះឆ្នោត នៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូល ធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នា ក្នុងសន្តិបាតនេះដើម្បីស្វែងរក ចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាដែលជួបប្រទះ ក្នុងពេលកំពុងប្រតិបត្តិលើការងារបោះឆ្នោតនេះ»។
ថ្លែងបិទសន្និបាតក្នុងព្រឹកថ្ងៃដដែលនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។
លោកអភិបាល បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំង១៩ ក្នុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញ ទាំងការឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយដែលមិនបានបង្កការលំបាកដល់អាជ្ញាធរ និងបានបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយទាំងអស់ ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
នាឱកាសនោះដែរ លោក ឃួង ស្រេង បានប្រគល់បណ្ណ័សសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ មន្ត្រីរដ្ឋបាលរាជធានីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឲ្យដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរ និងសំរាប់ធ្វើជាបទពិសោធន៍សំរាប់ការរៀបចំការបោះឆ្នោត នាពេលខាងមុខទៀត៕