(ភ្នំពេញ)៖ ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា បានលើកឡើងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។ តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រ ខ្សែក្រវាត់មួយផ្លូវមួយ អ្នកវិនិយោគចិនកាន់តែច្រើន បានមកបណ្ដាក់ទុននៅកម្ពុជា នាំមកនូវឱកាសអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួមក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្នុងអាគារ City Hall កោះពេជ្រ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

ឧកញ៉ា ពុង ឃាវសែ បានលើកឡើងផងដែរថា ពាណិជ្ជករចិនទាជីវ គឺជាក្រុមពាណិជ្ជកម្មចិន ដ៏មានឥទ្ធិពលលើឆាកអន្ដរជាតិ។ ដោយសារបរិយាកាសភូមិសាស្ដ្រពិសេស ចិនទាជីវធ្វើជំនួញពាណិជ្ជកម្ម មានប្រវិត្ដិយូរលង់ណាស់មកហើយ បុគ្គលិកលក្ខណៈចិនទាជីវ ដែលចូលចិត្តធ្វើជំនួញនៅក្រៅ មកនាំឲ្យពួកគាត់រស់នៅ ពាសពេញគ្រប់តំបន់នៅសកលលោក។

ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន រូបនេះ បានបញ្ជាក់ថា «ការខិតខំប្រឹងប្រែងរបស់ក្រុមពាណិជ្ជករចិនទាជីវ មិនត្រឹមតែអភិវឌ្ឍន៍មុខរបរខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសដែលកំពុងរស់នៅ»

ឧកញ៉ា ពុង ឃាវសែ បានបន្ថែមទៀតថា កម្ពុជា គឺជាប្រទេសដែលកំណើនសេដ្ឋកិច្ច មានស្ថេរភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិកស្ថាបនិក នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ជាប្រទេសដ៏សំខាន់មួយ តាមបណ្ដោយយុទ្ធសាស្ដ្រខ្សែក្រវាត់មួយផ្លូវមួយ ដូចនេះមានតម្រូវការខ្លាំងចំពោះទុនវិនិយោគពីក្រៅប្រទេស។

ឧកញ៉ា បន្ដថា បច្ចុប្បន្ន កម្ពុជាមានស្ថេរភាព សេដ្ឋកិច្ចរីកចម្រើន ហើយត្រូវចាត់ទុកជាប្រទេស មាននយោបាយវិនិយោគបើកទូលាយជាងគេ នៅក្នុងចំណោមប្រទេសអាស៊ាន។ ជាពិសេស រាជរដ្ឋាភិបាលអាណ្ណត្ដិថ្មី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គេមានទំនុកចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចបន្ដរីកចម្រើនរបស់ប្រទេសកម្ពុជា។

ថ្មីៗនេះ ពាណិជ្ជករចិនទាជីវភាព កាន់តែច្រើនបានមកកម្ពុជា ហើយក៏មានបង្កើតជាសមាគមពាណិជ្ជកម្មផង។ លើកនេះ គណៈប្រតិភូសហព័ន្ធពាណិជ្ជកម្មចិនទាជីវសកលលោក មានសមភាព៤២នាក់ សុទ្ធសឹងតែជាពាណិជ្ជករឆ្នើម លើវិស័យអចលទ្រព្យហិរញ្ញវត្ថុ កសិកម្ម ឧស្យាហកម្ម បច្ចេកវិទ្យាទំនើប វេជ្ជសាស្ដ្រ ជីវបច្ចេកវិទ្យា -ល- ។

«ខ្ញុំជឿជាក់ថា តាមរយៈកម្មវិធីសន្និសីទសេដ្ឋកិច្ចឆ្នាំនេះ ក្រុមពាណិជ្ជករចិនទាជីវកាន់តែយល់ពីសក្ដានុពលកម្ពុជា នឹងឈានដល់ធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ឧកញ៉ា ពុង ឃាវសែ៕