(កំពង់ធំ)៖ បុរសម្នាក់ជាជាងជួសជុលកង់ ត្រូវបានមនុស្សវិកលចរិត ឬហៅដោយសាមញ្ញថាមនុស្សឆ្កួត ចាក់ត្រូវ៣កាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងស្ថិតចំណុចគល់ស្ពានស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំ នៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ខណៈពេលដែលកំពុងអង្គុយជួសជុលកង់ជាទម្លាប់ ជាងជួសជុលកង់ម្នាក់នោះ ត្រូវបានមនុស្សវិកលចរិត ដើរមកពីក្រោយ ចាក់ចំត្រង់ចំណុចបេះដូង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ជងរងគ្រោះ ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ នាំគ្នាជួយយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែពុំអាចជួយសង្រ្គោះបាន ដោយសារអាការៈធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់មួយរំពេច។
បន្ទាប់ពីកើតហេតុកើតឡើង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយអធិការស្រុកស្ទោង ចុះទៅកន្លែងកើតហេតុផ្ទាល់ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។
បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ អេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ។ ជនសង្ស័យ បានយកកាំបិតចុងស្រួច ប្រវែង២តឹក ទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុសអាយុ៦៩ឆ្នាំ ដែលមានមុខរបរជាជាងជួសជុលកង់ រស់នៅភូមិឃុំកើតហេតុដូចគ្នា។
ជនរងគ្រោះ ត្រូវបានចាក់ចំនួន៣កាំបិតគឺ៖ ទ្រូងខាងឆ្វេង០១កាំបិត, ត្រូវពោះចំនួន០២កាំបិត ហើយជនរងគ្រោះបានស្លាប់ ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។ ជនសង្ស័យខាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ។
សូមជម្រាបថា មនុស្សវិកលចរិត ឬភាសាច្បាប់ហៅថាមនុស្សវិបល្លាសស្មារតី ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យទទួលខុសត្រូវ ចំពោះច្បាប់នោះទេ។ នេះពិតជាមហាគ្រោះថ្នាក់បំផុត ពីបញ្ហាប្រឈមនឹងមនុស្សឆ្កួត ខណៈពេលបង្ករឃាតកម្មហើយ តែសមត្ថកិច្ចមិនអាចអនុវត្តច្បាប់បាន។
បើសិនជានៅបរទេសវិញ គឺគេមានប័ណ្ណសម្គាល់ថា នរណាម្នាក់ជាមនុស្សឆ្កួត ដែលត្រូវបានកំណត់ដោយច្បាប់។ បើគេរកឃើញថា មនុស្សឆ្កួតម្នាក់នោះ គ្រាន់តែធ្វើឆ្កួតដើម្បីបន្លំភ្នែកមហាជន គេនឹងត្រូវទទួលទោស៕