(ស្ទឹងត្រែង)៖ ស្ដ្រីដែលមានជីវភាពក្រីក្រម្នាក់ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឈឺពោះសម្រាលកូន ប៉ុន្ដែគ្មានមធ្យោបាយ ដើម្បីធ្វើដំណើរទៅមន្ទីរពេទ្យឡើយ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។
ដោយឃើញស្ថានភាពបែបនេះ និងទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាត់កម្លាំងក្រោមឱវាទ យករថយន្ដដើម្បីធ្វើការដឹកជញ្ជូនស្ដ្រីខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន។
ទង្វើមនុស្សធម៌នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ គូសបញ្ជាក់ថា ក្រោមការណែនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមិនមើលរំលងប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយក៏មិនបណ្ដោយឲ្យពលរដ្ឋណា ជួបការលំបាកដែរ គឺត្រូវតែយកចិត្តទុកដាក់ទាំងអស់។
បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងសម្រាលកូនបានដោយសុវត្ថិភាពហើយនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានឧបត្ថម្ភនូវអំណោយមួយចំនួន រួមមាន អង្ករ២០គីឡូក្រាម, ទឹកសុទ្ធ០២យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងប្រាក់ចំនួន២០ម៉ឺនរៀលផងដែរ។
គួររំលឹកថា ទង្វើមនុស្សធម៌នេះមិនមែនទើបតែលើកទី១ឡើយ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើចំពោះប្រជាពលរដ្ឋ ពោលកន្លងមកកម្លាំងអាវុធហត្ថតែងតែយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល មិនថាទឹកជំនន់ ឬពលរដ្ឋណាជួបការខ្វះខាតជាដើម៕