(កំពង់ធំ)៖ ដោយមើលឃើញការខ្វះខាត ទីជម្រកស្នាក់នៅ របស់អតីតយុទ្ធជនចំនួន១០គ្រួសារ ដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចសាងសង់ និងប្រគល់ផ្ទះជូនក្រុមគ្រួសារ អតីតយុទ្ធជនទាំង១០ ដោយក្នុង១គ្រួសារៗ ទទួលបានផ្ទះចំនួន១ខ្នង។
អំណោយប្រកបដោយទឹកចិត្តមនុស្សធម៌ ពោរពេញដោយក្ដីអាណិតស្រឡាញ់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបាននាំមកជូនដោយលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ និងប្រកាសសាងសង់ ជូនពួកគាត់ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះតទៅ។
សូមបញ្ជាក់ថា អតីតយុទ្ធជនទាំង១០គ្រួសារនេះ រួមមាននិវត្តជន, យុទ្ធជនពិការ និងគ្រួសារពលី ហើយជាមួយនឹងការប្រកាសសង់ផ្ទះជូននេះដែរ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ពួកគាត់ទាំង១០គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ប្រចាំថ្ងៃផងដែរ។
លោកស្រី ខៀវ ស៊ីណា បានឲ្យដឹងថា សម្ដេចតេជោ និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត នៅតែអរគុណ និងចង់ចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធទាំងអស់ ដែលបានខិតខំលះបង់កំលាំងកាយចិត្ត ចំពោះមាតុភូមិកម្ពុជា។ ការតស៊ូ និងការលះបង់នេះ ពិតជាបង្ហាញពីការស្នេហាជាតិ អស់ពីចិត្តអស់ពីបេះដូងធ្វើយ៉ាងណារក្សាក្ដីសុខ របស់ប្រជាជន និងប្រទេសជាតិទាំងមូល បើគ្មានការលះបង់ របស់សម្ដេចតេជោ និងបងប្អូនអតីតយុទ្ធទាំងអស់ទេ ប្រទេសកម្ពុជាក៏គ្មានសន្ដិភាព និងការអភិវឌ្ឍន៍ដូច្នេះដែរ។
លោកស្រីបានបន្ដទៀតថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត តែងតែយកចិត្តទុកដាក់ ដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា លោកទាំងពីរតែងតែប្រៀបសុខទុក្ខ របស់បងប្អូន ជាសុខទុក្ខរបស់លោកយ៉ាងដូច្នេះដែរ។
លោកស្រីបន្ដទៀតថា ហេតុដូច្នេះហើយ សូមបងប្អូនទាំងអស់គ្នា បន្ដការយកចិត្តទុកដាក់ និងជឿជាក់លើការដឹងនាំប្រទេស របស់សម្ដេចតេជោ ដែលលោកបានលះបង់កំលាំងកាយចិត្ត យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វះស្វែងរកក្ដីសុខជូនពលរដ្ឋទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្ទះដែលត្រូវសាងសង់ជូន ដល់និវត្តជន, យុទ្ធជនពិការ និងគ្រួសារពលីទាំង១០គ្រួសារនេះ គឺសង់អំពីឈើប្រក់ស័ង្គសីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ សាងសង់ដោយក្រុមជាងសមាគមអតីតយុទ្ធជនខេត្តកំពង់ធំក្រោមការឧបត្ថម្ភទាំងស្រុង ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕