(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់សីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ស្របតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។
លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញអំពីសមិទ្ធផលការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រហូតធ្វើឲ្យក្រសួងក្លាយជាស្ថាប័នគំរូមួយ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជនសាធារណៈជនជាតិ និងអន្តរជាតិ។
«ទោះបីពេលនេះ យើងបានកសាងមូលដ្ឋានគ្រឹះសម្រាប់វិស័យពាណិជ្ជកម្មជាតិ ប៉ុន្តែក្រសួងនៅមានកិច្ចការស្នូលជាច្រើន ដែលត្រូវបន្តអនុវត្តន៍ ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ជាពិសេសជំរុញវិស័យពាណិជ្ជកម្មឲ្យក្លាយទៅជាក្បាលម៉ាស៊ីន ប្រកបដោយថាមវន្តនៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្ម ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ នៃការបំពេញភារកិច្ចរួមគ្នា នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕