(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញក្រុមរ៉ូបូតរបស់កម្ពុជា បានផ្តួលក្រុមរ៉ូបូតមកពីប្រទេសថៃ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ (17th ABU Robocon 2018) នៅក្នុងប្រទេសវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។ តែជាការសោកស្តាយក្រុមរ៉ូបូតរបស់កម្ពុជា បានចាញ់ក្រុមរ៉ូបូតមកពីប្រទេសចិន មិនអាចឈានទៅវគ្គផ្តាច់ព្រ័ត្រនោះឡើយ ទទួលបានត្រឹមលេខ៣ប៉ុណ្ណោះ។
ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូត ABU Robocon 2018 លើកទី១៧ ដែលរៀបចំឡើងនៅខេត្តនីញប៊ីញ ប្រទេសវៀតណាមនេះ មានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៧ប្រទេស ស្មើនឹង ១៨ក្រុម។ ការប្រកួតនៅឆ្នាំនេះ ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសចិនលេខ២ ហើយកម្ពុជានិង ជប៉ុនទទួលបានលេខ៣។
ក្រុមរ៉ូបូតកម្ពុជា ក្រៅទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៣ទៅ ក៏ទទួលបានពានរង្វាន់កិត្តិយសពីក្រុមហ៊ុន Panasonic ផងដែរ។
លោក ប៉ាង ចំណាន មន្ត្រីទូរទស្សន៍ជាតិ ដែលជាអ្នកដឹកនាំក្រុមរ៉ូបូតកម្ពុជាទៅចូលរួមប្រកួតប្រជែងបានប្រាប់អង្គភាពព័ត៌មានព័ត៌មាន Fresh News ថា បើទោះបីក្រុមរ៉ូបូតកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុន្តែជាមោទនភាពមួយសម្រាប់កម្ពុជា ព្រោះក្រុមរ៉ូបូតកម្ពុជាបាន បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងការឈានឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមិនធ្លាប់មានក្នុងប្រវត្តិចូលរួមរបស់កម្ពុជា។
បើតាមលោក ប៉ាង ចំណាន ការប្រកួតម្សិលមិញនេះ មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមរ៉ូបូតកម្ពុជា បានយកឈ្នះក្រុមមកពីប្រទេសនេប៉ាល់ និងប៉ាគីស្ថានក្នុងវគ្គជម្រុះក្នុងពូល ហើយបន្តឈ្នះប្រទេសថៃក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ប៉ុន្តែគួរត្រូវចាញ៊ក្រុមរ៉ូបូតចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមរំលឹកថា ការប្រកួតឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ ដែលកម្ពុជាបានបញ្ជូនក្រុមរ៉ូបូតរបស់ខ្លួនចូលរួម បន្ទាប់ពីឆ្នាំ២០១៧កន្លងទៅបានចូលរួមប្រកួតនៅប្រទេសជប៉ុន។ ក្រុមរ៉ូបូតកម្ពុជា ដែលចូលរួមការប្រកួត 17th ABU Robocon 2018 នៅប្រទេសវៀតណាមនាឆ្នាំនេះ តំណាងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បន្ទាប់ពីបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕